«កោះអំពិល» ជាកោះលាក់ខ្លួនដ៏ស្រស់ស្អាតមួយ ស្ថិតនៅទឹកដីខេត្តកោះកុង និងកំពុងបង្អួតសម្រស់ដល់អ្នកទេសចរយ៉ាងផុលផុស

ភ្នំពេញ៖ កោះអំពិល មានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ទល់មុខនឹងកោះស្តេច ដោយមានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ១៤០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
តារារះនៅទិសនិរតី មួយនេះ កំពុងបង្អួតសម្រស់ និងសក្តានុពលរបស់ខ្លួនយ៉ាងសម្បូរបែប ដូចជាផ្កាថ្ម ឆ្នេរសក្បុស និងជីវចម្រុះជាច្រើននៅបាតសមុទ្រ រួមផ្សំនឹងការរៀបចំបដិសណ្ឋារកិច្ចប្រកបដោយការយកចិត្តទុកដាក់ បាន និងកំពុងទាក់ទាញអារម្មណ៍អ្នកទេសចរជាតិ និងអន្តរជាតិជាអនេក ។
រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលបានកំណត់គោលដៅអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងគ្រប់វិស័យ ក្នុងនោះដែរ ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលមានចំណុចអាទិភាពចំនួន ៩ ។ ចំណុចអាទិភាពទី១ គឺ ជំរុញវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និង ធម្មជាតិ ដែលត្រូវបានចាត់ទុកជា “មាសបៃតង” ។
រីឯចំណុចអាទិភាពទី៨ គឺ បន្តជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និង រំហូរទេសចរអន្តរជាតិ ក្នុងការទស្សនាកម្ពុជា ស្របនឹងការអប់រំលើកទឹកចិត្តប្រជាជនឱ្យចូលរួមកិច្ចអភិវឌ្ឍទេសចរណ៍ប្រកបដោយភាពទាក់ទាញ ៕

