សម្តេចធិបតី៖ មិនប្រាកដថា កើតត្រកូលអ្នកមាន រៀនពូកែជាង កើតក្នុងត្រកូលមិនសូវមាន អ្នកគ្មានលទ្ធភាពនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មិនប្រាកដថា កើតមកក្នុងត្រកូលអ្នកមាន រៀនពូកែជាង កើតក្នុងត្រកូលមិនសូវមាន អ្នកគ្មានលទ្ធភាព នោះទេ បើសិនផ្ដល់ឱកាសដូចគ្នា ។
ក្នុងឱកាសអញ្ជើញ ជាអធិបតីសម្ពោធ ទីតាំងសាកលវិទ្យាល័យជាតិ គ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីមានប្រសាសន៍ថា សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលសម្រាប់ជាតិ ទាំងមូលក្នុងការទទួល បានធនធានមនុស្ស សម្រាប់កសាងប្រទេសជាតិ ។ សម្តេចបន្តថា សមិទ្ធផលកើតឡើង មិនមែនជាការកើតឡើង ដោយឯកឯងទេ គឺកើតឡើងពីការខិតខំប្រឹងប្រែង ។
សម្ដេចគូសបញ្ជាក់ថា ការកសាងធនធានមនុស្ស ការអប់រំ គឺដើម្បីបច្ចុប្បន្ន និងអនាគត ហើយការកសាងធនធានមនុស្ស ដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺមានសារៈសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជាធ្លាប់ជួបសង្រ្គាម បាត់បង់ធនធានមនុស្ស តែបច្ចុប្បន្នធនធានមនុស្សមានកាន់តែច្រើន បង្កើតការប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក ខណៈរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើបដិវត្តកម្មឌីជីថល ៕
