សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា-ថៃ ឯកភាពចាប់ផ្ដើមគិតគូរទាញយកផលរួមគ្នា ពីរ៉ែប្រេងកាត នៅតំបន់ត្រួតគ្នា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចនិងនាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នា ចាប់ផ្តើម គិតគូរពីការទាញយកផលរួមគ្នា ពីរ៉ែប្រេងកាត នៅតំបន់ត្រួតស៊ីគ្នា ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នាថ្ងៃទី៨ ខែកុម្ភៈ សម្តេចធិបតី បញ្ជាក់ថា «កិច្ចការមួយទៀត ដែលយើងបានឯកភាពគ្នា ដែលគាំង២០ឆ្នាំហើយ គឺការឯកភាពគ្នា ដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម នៅតំបន់ត្រួតស៊ីគ្នា នៃប្រេងកាតដែលយើងមាន»។
សម្តេចបន្តថា «ឥឡូវគេថា បើសិនរដ្ឋាភិបាលខ្មែរ ហ៊ានទៅធ្វើការជាមួយថៃ ដើម្បីអភិវឌ្ឍន៍តំបន់ត្រួតស៊ីគ្នានឹង ជាអំពើក្បត់ជាតិ ព្រោះនឹងត្រូវលក់ទឹកដី លក់អី ។ ខ្ញុំសូមប្រាប់បែបនេះ ខ្ញុំពន្យល់ ហើយថ្ងៃនេះ ក៏បញ្ជូនសារទៅឲ្យហើយ ក៏ដូចជាប្រជាជនយើងបានយល់ ថាតំបន់ត្រួតស៊ីគ្នានេះ វាមានកត្តាពីរ ដែលពាក់ព័ន្ធ ទី១គឺរឿងប្រេង ទី២ គឺរឿងព្រំដែនទឹក កិច្ចការងារព្រំដែនទឹកយើង ត្រូវបន្តចរចារ ដោយប្រុងប្រយ័ត្ន និងដើម្បីការពារ ផលប្រយោជន៍ជាតិ អធិបតីតេយ្យភាពជាតិ ខាងថៃក៏ដូចគ្នា យើងត្រូវចរចារការងារ ផ្អែកទៅលើបច្ចេកទេស និងប្រើពេលយូរ ប៉ុន្តែពេលជាមួយគ្នា យើងក៏ដឹងថា នៅក្នុងតំបន់នឹង គឺមានប្រេងកាត ហើយប្រេងកាតនេះ មិនមែនតែនៅក្នុងដីពីណានោះទេ គឺតាមបច្ចេកទេសសិក្សារួចទៅ គឺថាមួយធុងនឹង វានៅកន្លែងយើង នៅដីយើងខ្លះ នៅខាងថៃខ្លះ គ្រាន់តែព្រំខាងលើ ប៉ុន្តែជាបច្ចេកទេសយើងបានដឹងហើយ» ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្តិសុខថាមពល គឺជាយុទ្ធសាស្ត្រយូរអង្វែង របស់កម្ពុជា ហើយប្រទេសថៃក៏ដូចគ្នា ។ សម្ដេចថា បើទោះបីជាថាមពលមួយចំនួន កម្ពុជា អាចផលិតបានដោយខ្លួនឯងខ្លះក៏ដោយ ក៏កម្ពុជា នៅតែត្រូវនាំចូលពីប្រទេសជិតខាង ។
សម្តេចធិបតី បានលើកជាឧទាហរណ៍ថា គ្រាន់តែសង្គ្រាមនៅមជ្ឈឹមបូព៌ា និងនៅសមុទ្រក្រហម បានធ្វើឲ្យថ្លៃដឹកជញ្ជូនមានការកើនឡើង និងចំណាយពេលយូរជាងមុនបាត់ទៅហើយ ៕
