មន្ត្រីអាមេរិកជំរុញឱ្យប៉ាពួញូហ្គីណេបដិសេធកិច្ចព្រមព្រៀងសន្តិសុខចិន

ស៊ីដនី៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបានជំរុញឱ្យប្រទេសប៉ាពួញូហ្គីណេ បដិសេធសំណើរបស់ចិនចំពោះកតិកាសញ្ញាសន្តិសុខដ៏មានសក្តានុពល ដោយព្រមានប្រទេសប៉ាស៊ីហ្វិកថា ការធានាសន្តិសុខណាមួយជាមួយទីក្រុងប៉េកាំងកើតឡើងជាមួយនឹងផលវិបាក និងការចំណាយ។
យើងបានមើលឃើញថា ការប្ដេជ្ញាចិត្តរបស់ចិនក្នុងវិស័យការពារជាតិ ឬការវិនិយោគមកជាមួយនឹងការចំណាយខ្ពស់។ នោះហើយជាអ្វីដែលយើងនឹងនិយាយទៅកាន់ប្រទេសប៉ាពួញូហ្គីណេ អនុរដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិក Richard Verma បានប្រាប់ Sydney Morning Herald ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ។
រដ្ឋមន្ត្រីការបរទេសប៉ាពួញូហ្គីណេ លោក Justin Tkachenko បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា ប្រទេសនេះកំពុងស្ថិតក្នុងការពិភាក្សាដំបូងជាមួយប្រទេសចិនលើកិច្ចព្រមព្រៀងសន្តិសុខដ៏មានសក្តានុពលមួយ។ លោក Tkachenko បានបន្តថា ប្រទេសចិនបានផ្តល់ជំនួយដល់កងកម្លាំងប៉ូលីសរបស់ខ្លួនជាមួយនឹងការបណ្តុះបណ្តាល ឧបករណ៍ និងបច្ចេកវិទ្យាឃ្លាំមើល។
សហរដ្ឋអាមេរិក និងអូស្ត្រាលីជាសម្ព័ន្ធមិត្តអស់ជាច្រើនទសវត្សរ៍បានមើលឃើញមហាសមុទ្រប៉ាស៊ីហ្វិកជាផ្នែកនៃឥទ្ធិពលរបស់ពួកគេ ហើយកំពុងស្វែងរកការរារាំងប្រទេសកោះពីការបង្កើតទំនាក់ទំនងសន្តិសុខជាមួយប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុនក្នុងឆ្នាំ២០២២។
លោក Verma នៅប្រទេសអូស្ត្រាលីកាលពីសប្តាហ៍មុនបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប៉ាស៊ីហ្វិកខាងត្បូងបានឲ្យដឹងថាវាគឺជាការប្រកួតប្រជែងសម្រាប់ឥទ្ធិពលនៅក្នុងតំបន់ដែលសម្បូរទៅដោយធនធាន។
ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងមុនសុន្ទរកថារបស់នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ លោក James Marape ទៅកាន់សភាអូស្ត្រាលីនៅចុងសប្តាហ៍នេះ។ ប្រទេសប៉ាពួញូហ្គីណេ ធ្លាប់បានបញ្ជាក់ថា អូស្ត្រាលី និងសហរដ្ឋអាមេរិក គឺជាដៃគូសន្តិសុខរបស់ខ្លួន ខណៈដែលប្រទេសចិន គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់។
លោក Verma បានបន្តថា យើងចង់ឃើញប្រជាជនជ្រើសរើសការរៀបចំសន្តិសុខ ឬឱកាសវិនិយោគ ឬការតភ្ជាប់កម្រិតខ្ពស់ជាមួយប្រទេសដែលលេងតាមច្បាប់ ដែលស្របតាមស្តង់ដារអន្តរជាតិ។
ប្រភព៖ The Straits Times
ប្រែសម្រួលដោយ៖ ឡាយ លីហួ
