អ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋ ក្នុងបរិវេណកសិន្ធុទី២ ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង

ភ្នំពេញ៖ អ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួប្រាសាទឥដ្ឋចំនួន២(តួទី១៣នៅទិសអាគ្នេយ៍ និងតួទី២២នៅខាងត្បូង) ក្នុងបិវេណកសិន្ធុទី២របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមខ្លាំង។
ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែក និងពុកផុយ មករៀបផ្គុំពង្រឹងឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាបទឹក និងធ្វើការចងក្រៀក ទល់ទ្រ ផ្នែកដែលប្រេះហែកចេញពីគ្នាឱ្យមានលំនឹងឡើងវិញ។
នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាអនុវត្តន៍ជាប្រចាំ ដើម្បីថែរក្សាប្រាសាទជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំទាំងនេះ ឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត៕

