សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះមានឱកាស ប្រើឯកសណ្ឋានកងទ័ព ម្តងទៀត

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារយ៉ាងខ្លីបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ថ្ងៃនេះមានឱកាស ប្រើឯកសណ្ឋានកងទ័ព ម្តងទៀត» ។
សូមបញ្ជាក់ថា ពិធីអបអរនេះត្រូវបានរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។
ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋានកងទ័ពជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធនារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រយ:ពេល៤៥ ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាកំពុងឈានទៅមុខឥតឈប់ឈរ និងស្ថិតនៅលើផ្លូវត្រូវ។ សម្ដេចបញ្ជាក់ថា កងទ័ពគឺជាកម្លាំងដ៏សំខាន់ ដែលអាចបង្កជាសង្គ្រាម ហើយកងទ័ពក៏អាចបញ្ចប់សង្គ្រាម និងនាំមកនូវសុខសន្តិភាពផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងអរគុណដោយស្មោះចំពោះយោធិនទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត លះបង់ក្រុមគ្រួសារដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានយ៉ាងល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារនូវសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជាដើម នាពេលកន្លងមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីឆ្នាំ១៩៩៩ គឺមានសារសំខាន់បំផុត ខណៈកងទ័ពជើងគោក បានចូលរួមប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយ ឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃនេះ ៕
