ម្ដាយជនបង្កបើករថយន្ដJeep បុកមនុស្សស្លាប់ប្ដឹងប្រពន្ធជនរងគ្រោះពីបទបរិហារកេរ្តិ៍ជាសាធារណៈ

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនដើម្បីបន្ដនីតិវិធីច្បាប់ ទៅលើអ្នកបើកបររថយន្ដ Jeep បុកមនុស្សស្លាប់នៅខណ្ឌទួលគោកថ្មីៗកន្លងទៅអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាថ្មីនៅពេលនេះ ម្ដាយជនបង្កបានដាក់ពាក្យប្ដឹង ប្រពន្ធជនរងគ្រោះវិញ ក្រោមបទចោទបរិហារកេរ្តិ៍ជាសាធារណៈ។ នេះបើតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
លោកស្រី សុខ លីណា ដែលត្រូវជាម្ដាយរបស់ ឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ភេទប្រុស អាយុ២៣ឆ្នាំ ជនបង្កករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់នៅខណ្ឌទួលគោក បានប្ដឹងទៅឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី ស្នាក់នៅ ផ្ទះលេខ១១E0 ផ្លូវ២៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឱ្យចូលខ្លួនតាមដីកាកោះទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។
ប្រភពដដែលបន្ដឱ្យដឹងថា ជនសង្ស័យ សៀង សេរីរដ្ឋា រងការចោទប្រកាន់ចំនួនបីបទល្មើសគឺ បទបរិហាកេរ្ដិ៍ជាសាធារណៈ បទបរិហាកេរ្ដិ៍តាមសារព័ត៌មាន និងបទជេរប្រមាថជាសាធារណៈ។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញនូវដីកាកោះខាងលើនេះ មហាជនបានសម្ដែងក្ដីអាណិតអាសូរដល់លោកស្រី សៀង សេរីរដ្ឋា ដែលបាត់បង់ស្វាមីជាទីស្រឡាញ់ហើយ ចំណែកបុណ្យ១០០ថ្ងៃមិនទាន់បានធ្វើផង ក៏ត្រូវរងការចោទប្រកាន់ពីបទបរិហាកេរ្ដិ៍ជាសាធារណៈ , បទបរិហាកេរ្ដិ៍តាមសារព័ត៌មាន និងបទ ជេរប្រមាថជាសាធារណៈ ពីម្តាយជនបង្កទៅទៀត។
សូមរំឭកថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២CB-៩៩៦៣ និងម៉ូតូមួយគ្រឿង នៅត្រង់ចំណុចផ្លូវលេខ៣១៧ ប្រសព្វជាមួយផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ៕
