ប្រធានាធិបតីចិន និងហ្វាំងឡង់បានពិភាក្សាអំពីការខូចខាតបំពង់បង្ហូរប្រេង

បរទេស៖ ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto បានឲ្យដឹងកាលពីថ្ងៃពុធ ទី១០ ខែមករា ថា លោកបានជួបពិភាក្សាក្នុងន័យស្ថាបនាជាមួយប្រធានាធិបតីចិន Xi Jinping ជុំវិញការខូចខាតដែលបានកើតឡើងកាលពីឆ្នាំមុនចំពោះបំពង់បង្ហូរឧស្ម័ន Balticconnector ដែលតភ្ជាប់ហ្វាំងឡង់ និងអេស្តូនី។
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ Elina Valtonen បានប្រកាសថា ការស៊ើបអង្កេតលើការខូចខាតបំពង់ Balticconnector បានចាប់ផ្តើមនៅក្នុងប្រទេសចិន មុនបុណ្យណូអែល ប៉ុន្តែបានបង្វែរសំណួរណាមួយទាក់ទងនឹងការស៊ើបអង្កេតទៅកាន់ការិយាល័យស៊ើបអង្កេតជាតិហ្វាំងឡង់។
ប៉ូលីសហ្វាំងឡង់បានដាក់ឈ្មោះកប៉ាល់កុងតឺន័រ New New Polar Bear ដែលមានទង់ជាតិហុងកុងថាជាជនសង្ស័យចម្បងក្នុងការបំផ្លាញបំពង់បង្ហូរឧស្ម័នដោយលើកឡើងថាកាលពីឆ្នាំមុនវាលឿនពេកក្នុងការប្រាប់ថាតើនេះជាឧបទ្ទវហេតុឬជាទង្វើដោយចេតនា។
យុថ្កាដ៏ធំមួយ ដែលគេជឿថាជារបស់នាវាចិន ត្រូវបានគេរកឃើញនៅជិតបំពង់បង្ហូរប្រេង ហើយក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា បំពង់នេះទំនងជាខូច ខណៈដែលយុថ្កាត្រូវបានអូសកាត់លើគ្រែសមុទ្រ។
ប្រទេសហ្វាំងឡង់ ក្នុងខែវិច្ឆិកា បានលើកឡើងថា ប្រទេសចិន បានសន្យាកិច្ចសហប្រតិបត្តិការពេញលេញនៅក្នុងការស៊ើបអង្កេតបំពង់បង្ហូរប្រេង។
ការិយាល័យប្រធានាធិបតីហ្វាំងឡង់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Xi ថា ប្រធានាធិបតីបានកត់សម្គាល់ការសន្ទនាក្នុងន័យស្ថាបនារវាងប្រទេសនានាទាក់ទងនឹងករណីបំពង់បង្ហូរប្រេង Balticconnector ។
ទូរទស្សន៍រដ្ឋចិន CCTV បានដកស្រង់សម្តីលោក Xi ដែលបញ្ជាក់ថា ប្រទេសចិនមានមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយហ្វាំងឡង់ ហើយថាប្រទេសនានាបានពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង
