ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤នឹងទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន

ភ្នំពេញ៖កម្ពុជាចិននឹងរៀបចំព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤, បរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។
ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤»នេះរៀបចំដោយក្រសួងទេសចរណ៍ និងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិនក្រោមអធិបតីភាព ឯកឧត្តម លី សូឡី(Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិននិងសម្តេចពិជ័យសេនាទៀ បាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទិត្យ ថាវរិទ្ធរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ឱ្យដឹងថា បើយោងតាមការប្រជុំគណកម្មការអន្តរក្រសួងដែលដឹកនាំដោយក្រសួងទេសចរណ៍បានអនុញ្ញាតឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រៀមរៀបចំសម្តែងរបាំ និងការប្រគំតន្ត្រីរួមគ្នាជាមួយភាគីចិន។
សំឡេង៖ «របាំទី១គឺរបាំទេពមនោរម្យ ការប្រគំតន្ត្រីរួមគ្នារវាងតន្ត្រីកកម្ពុជា និងចិន ការសម្តែងបទចម្រៀងមួយចំនួនទៀតដោយកុមារចំនួន៥០នាក់។ ចំពោះការយល់ឃើញរបស់ខ្ញុំ ការរៀបចំព្រឹត្តិការណ៍នេះ មានសារសំខាន់ណាស់សម្រាប់ប្រទេសចិន និងកម្ពុជា ។ កម្ពុជាយើងកំពុងត្រូវការវត្តមានរបស់ទេសចរឡើងវិញឱ្យមកកម្ពុជាកាន់តែច្រើន។ ហើយការផ្សព្វផ្សាយទៅកាន់ប្រទេសចិនគឺជារឿងមួយសំខាន់សម្រាប់កម្ពុជា ព្រោះចិនមានប្រជាជនច្រើនរហូតដល់រាប់លាននាក់ អ៊ីចឹងបើផ្សព្វផ្សាយដល់ប្រជាជនចិនឱ្យមកលេងអង្គរវត្តយើងកាន់តែច្រើនជាការល្អប្រសើរ សម្រាប់វិស័យទេសចរណ៍ សេដ្ឋកិច្ច វិនិយោគ ដោយផ្ទាល់ និងដោយប្រយោល។ ព្រឹត្តិការណ៍គឺជាការផ្សព្វផ្សាយពីវប្បធម៌កម្ពុជាដែរ ព្រោះក្រសួងវប្បធម៌មិនមែនធ្វើតែកិច្ចការវប្បធម៌តែម្យ៉ាងទេ គឺយើងបានធ្វើការជំរុញឱ្យសេដ្ឋកិច្ច ទេសចរណ៍ផង និងវប្បធម៌ផង គឺយើងធ្វើការរួមគ្នា។ អ៊ីចឹងខ្ញុំគិតថា មានសារសំខាន់ណាស់សម្រាប់ប្រទេសយើងទាំងពីរ ។ »
ឯកឧត្តមឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី៨ខែមករា ឆ្នាំ២០២៤ ក្រុមការពាក់ព័ន្ធបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤នេះ។
សំឡេង៖ «ការងាររបស់យើងមានការឯកភាពគ្នាជាគោលការណ៍អស់ហើយ ។ ក្រុមការបច្ចេកទេសទាំងអស់បានចាប់ដៃគ្នានៃស្ថាប័នពាក់ព័ន្ធទាំងអស់នោះ ។ យើងក៏រំពឹងថា នឹងមានភ្ញៀវទេសចរចិនបានមកទស្សនាប្រទេសយើងកាន់តែច្រើន ឱ្យមានកំណើនឱ្យដូចមុនកូវីដ-១៩ឡើងវិញ ។
សំខាន់ការងារទាំងអស់យើងបានត្រៀមរួចហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធទូទៅ ទាំងកិច្ចការងារផ្សេងៗ ដែលអាជ្ញាធរជាតិអប្សរាកំពុងបំពេញនោះគឺយើងត្រៀមរួចរាល់អស់ហើយ » ។
លោកស្រី ឆាយស៊ីវលីនប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាបានចាត់ទុកថា ព្រឹត្តិការណ៍នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤នេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាជន នៃប្រទេសទាំងពីរបានស្វែងយល់ ចែករំលែកបទពិសោធន៍ ព័ត៌មានទៅវិញទៅមក និងបង្កើនភាពស្និទ្ធស្នាលគ្នាកាត់តែខ្លាំងឡើង។ ហើយឆ្លុះបញ្ចាំងពីភាពរឹងមាំពីមិត្តដែកថែប ដែលចិនតែងតែនៅជាមួយកម្ពុជាក្នុងលំបាកបំផុត។
សំឡេង៖ « យើងសង្ឃឹមថា មិត្តចិននឹងរាប់ចាប់តាំងពីព្រឹត្តិការណ៍ ហើយជំរុញប្រជាជនរបស់ខ្លួនឱ្យមកកម្ពុជាឱ្យដូចមុនវិបត្តិកូវីដ១៩ ព្រោះថាទេសចរចិនបានដើរតួនាទីសំខាន់ ក្នុងការធ្វើឱ្យមានកំណើនភ្ញៀវទេសចរដែលចូលមកកម្ពុជា ក៏ដូចជាជួយសេដ្ឋកិច្ចជាតិឱ្យមានកំណើន»
ការរៀបចំព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤នេះ ស្របទៅនឹងការឯកភាពគ្នារបស់ប្រមុខរដ្ឋាភិបាលទាំងពីរកម្ពុជាចិនកាលពីខែតុលាឆ្នាំ២០២៣ ក្នុងការជំរុញនូវគោលនយោបាយគន្លឹះនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ការលើកកម្ពស់វិស័យទេសចរណ៍ និងគោលដៅអាទិភាពក្នុងការជំរុញទេសចរចិនមកលេងកម្ពុជា ។ វាក៏ស្របតាមផែនការយុទ្ធសាស្ត្រគន្លឹះ «ទស្សនាអង្គរ ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានគណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ ១០០០នាក់ អញ្ជើញមកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ក៏នឹងមាន ការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ដែលជាការបង្ហាញនូវសាមគ្គីភាពល្អ ចំណងមិត្តភាពដ៏ប្រសើរ និងការរួមបញ្ចូលគ្នារវាងទស្សនីយភាពសិល្បៈដ៏អស្ចារ្យ ដើម្បីផ្តិតយករូបភាពដ៏ប្រណិតទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ៕ វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
