និស្សិតជាង ២០០នាក់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសហមុនីរាជាទទួលបានការបណ្តុះបណ្តាលពីការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារពី NEA

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សសយក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំសិក្ខាសាលាស្តីពី៖ “ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ” ដល់និស្សិតដែលកំពុងសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចំនួនជាង២០០ នាក់ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នេះ។
ពិធីបើកសិក្ខាសាលានេះ ត្រូវបានចំឡើងនាព្រឹកថ្ងៃទី០៥ ខែមករា នេះ នៅសកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមអធិបតីភាព ឯកឧត្តម កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសកលវិទ្យាធិការរង ពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ជាពុទ្ធិដល់និស្សិតដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាឱ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការឈានជើងចាប់យកឱកាសការងារដែលខ្លួនស្រឡាញ់ និងធ្វើការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងគន្លឹះសំខាន់ៗក្នុងការរក្សាការងារ ពិសេសដើម្បីណែនាំអំពីព័ត៌មានទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាជូនដល់និស្សិតផងដែរ។
លោក អ៊ុន សីហា ជានិស្សិតឆ្នាំទី១ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លើកឡើងថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ និស្សិតពិសេសនិស្សិតដែលជិតនឹងបញ្ចប់ការសិក្សា ព្រោះបានណែនាំពីវិធីសាស្ត្រក្នុងការសរសេរប្រវត្តិរូបសង្ខេប(CV) ឲ្យទាក់ទាញ ការត្រៀមខ្លួននៅពេលសម្ភាសការងារ និងផ្តល់ព័ត៌មានទីផ្សារការងារជាដើម។
កញ្ញា ប៊ុន មន្នី និស្សិតជំនាញអក្សរសាស្ត្រ ជំនាញភាសាអង់គ្លេស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាលើកឡើងថា សិក្ខាសាលាស្តីពី “ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ” របស់ NEA បានផ្តល់ចំណេះដឹងអំពីរបៀបនៃការស្វែងរកការងារ និងការរៀបចំឯកសារមុនពេលទៅរកការងារធ្វើជាដើម។
សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចូលវគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័សនោះ សូមមកចុះឈ្មោះជាមួយ NEA។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
