សម្តេចធិបតី៖ គ្រប់ដំណើរទស្សនកិច្ចនៅបរទេស ខ្ញុំតែងតែយកពេល ដើម្បីទាក់ទាញវិនិយោគិន ឲ្យមកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្រប់ដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេស សម្ដេចតែងតែយកពេល ដើម្បីទាក់ទាញវិនិយោគិននានា ឱ្យមកវិនិយោគនៅកម្ពុជា ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែបុរេសកម្មជានិច្ចដោយបានដើរគោះទ្វាគេ, ដើរជួបគេ ដើម្បីរកទីផ្សារសម្រាប់នាំផលិតផលកម្ពុជាចេញទៅទីផ្សារអន្តរជាតិ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។
សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានស្រាប់ជាមួយប្រទេសជាមិត្ត និងបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក៕
