បាតុកររាប់ម៉ឺននាក់ ទាមទារឱ្យមានការស្តារឡើងវិញនូវរបបរាជានិយមនេប៉ាល់

ប្រទេសនេប៉ាល់៖ ប៉ូលីសប្រឆាំងកុប្បកម្មបានប្រើដំបង និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបញ្ឈប់អ្នកគាំទ្ររាប់ម៉ឺននាក់របស់អតីតស្តេចនេប៉ាល់ ដែលព្យាយាមដើរដង្ហែទៅកាន់កណ្តាលរដ្ឋធានីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឱ្យមានការស្តារឡើងវិញនូវរបបរាជានិយម និងអតីតឋានៈរបស់ប្រទេសជា រដ្ឋហិណ្ឌូ។
ក្រុមអ្នកតវ៉ា ដោយគ្រវីទង់ជាតិ និងស្រែកពាក្យស្លោកគាំទ្រអតីតព្រះមហាក្សត្រ Gyanendra បានប្រមូលផ្តុំគ្នានៅគែមនៃទីក្រុង Kathmandu និងព្យាយាមឆ្ពោះទៅកាន់កណ្តាលទីក្រុង។
ប៉ូលីសកុប្បកម្មបានរារាំងពួកគេ ដោយវាយពួកគេដោយដំបងឫស្សី និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក។ មានរបួសស្រាលទាំងសងខាង។ អាជ្ញាធរបានហាមប្រាមការតវ៉ានៅតំបន់សំខាន់ៗនៃទីក្រុងមុនការធ្វើបាតុកម្ម។
យើងស្រឡាញ់ព្រះមហាក្សត្រ និងប្រទេសរបស់យើងជាងជីវិតរបស់យើង។ យករបបរាជានិយមមកវិញ។ លុបបំបាត់របបសាធារណរដ្ឋ មនុស្សរាប់មុឺននាក់បានស្រែកធ្វើបាតុកម្ម។
ប្រភព៖ AP
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង
