ម៉ាឡេស៊ីចាប់ខ្លួនបុរសជនជាតិជប៉ុន ៧នាក់ដែលសង្ស័យពីប្រតិបត្តិការឆបោកតាមទូរស័ព្ទ

គូឡាឡាំពួ៖ ប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ពួកគេបានចាប់ខ្លួនបុរសជនជាតិជប៉ុន ៧ នាក់ដែលសង្ស័យថាបានធ្វើសកម្មភាពឆបោកតាមទូរស័ព្ទដែលកំណត់គោលដៅពលរដ្ឋនៅក្នុងប្រទេសកំណើតរបស់ពួកគេ បន្ទាប់ពីបានឆ្មក់ចូលខុនដូក្នុងទីក្រុងគូឡាឡាំពួ។
បុរសនោះមានអាយុចន្លោះពី ២៣ ទៅ ៤១ ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗពីបទល្មើសច្បាប់អន្តោប្រវេសន៍។
ប៉ូលីសបានលើកឡើងថា ពួកគេបានឆ្មក់ចូលផ្ទះល្វែងក្នុងរដ្ឋធានីម៉ាឡេស៊ី ហើយបានចាប់ខ្លួនជនសង្ស័យ ដកហូតទូរស័ព្ទ និងរបស់របរផ្សេងទៀត បន្ទាប់ពីត្រូវបានស្ថានទូតជប៉ុនប្រាប់ឱ្យដឹង។
ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មពាណិជ្ជកម្ម លោក Ramli Mohamed Yoosuf បានឲ្យដឹងថា ការស៊ើបអង្កេតបានបង្ហាញថា ក្រុមនេះកំពុងប្រតិបត្តិការឆបោកតាមទូរស័ព្ទ ផ្តោតទៅលើជនជាតិជប៉ុន ដោយបានប្រើកម្មវិធីហៅទូរស័ព្ទ និងផ្ញើសារតាម Skype ដើម្បីទាក់ទងជនរងគ្រោះ។
សមាជិកក្រុមនេះត្រូវបានគេចោទប្រកាន់ថាបានក្លែងបន្លំជាបុគ្គលិកធនាគារ ហើយបានប្រាប់ជនរងគ្រោះថាមានបញ្ហាជាមួយគណនីរបស់ពួកគេ ដោយស្នើសុំឱ្យពួកគេផ្ទេរប្រាក់ទៅគណនីមួយផ្សេងទៀតដែលផ្តល់ដោយអ្នកបោកប្រាស់។
ជនសង្ស័យត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ឃុំខ្លួនបណ្តោះអាសន្នរង់ចាំការស៊ើបអង្កេតបន្ត។
