ប្រមុខរាជរដ្ឋាភិបាល ផ្ដល់អនុសាសន៍ និងគំនិតផ្ដួចផ្ដើមសំខាន់ៗចំនួន ១០ចំណុច ដើម្បីជំរុញការលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ជាអនុសាសន៍ និងគំនិតផ្ដួចផ្ដើមសំខាន់ៗចំនួន ១០ចំណុច ដើម្បីជំរុញការលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាព។
ក្នុងសារលិខិតអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៤ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជាអនុសាសន៍ និងគំនិតផ្ដួចផ្ដើមសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១៖ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបន្តយកចិត្តទុកដាក់ ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យស្ថានភាពអនាម័យជនបទ កាន់តែប្រសើរឡើងបន្ថែមទៀត។
ទី២៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវបន្តការចូលរួមឱ្យបានសកម្មថែមទៀត និងគ្រប់រូបភាព ធ្វើយ៉ាងណាពន្លឿនអត្រាគ្របដណ្ដប់អនាម័យជនបទ ឱ្យមានភាពប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។
ទី៣៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាវិស័យឯកជន ក្នុងការចូលរួមការងារលើកកម្ពស់អនាម័យជនបទ។
ទី៤៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្ដប់ អនាម័យជនបទឱ្យបានច្បាស់លាស់ និងទុកចិត្តបាន ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។
ទី៥៖ បន្តជំរុញលើកទឹកចិត្ត និងគាំទ្រខេត្តក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលមានអតអនាម័យខ្ពស់ ឱ្យសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
ទី៦៖ ត្រូវបន្តការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះក្រុមងាយរងគ្រោះជនក្រីក្រ ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម។
ទី៧៖ បន្តខិតខំជំរុញ និងគាំទ្រតាមគ្រប់រូបភាព ដល់បណ្ដាខេត្តក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមានអត្រាគ្របដណ្ដប់ទាប ឱ្យទទួលបានអត្រាអនាម័យ កាន់តែប្រសើរឡើង និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
ទី៨៖ បន្តលើកកម្ពស់ការលាងសម្អាតដៃនឹងសាប៊ូ នៅក្នុងសហគមន៍តាមសាលារៀន និងស្ថាប័នសាធារណៈទាំងអស់ តាមរយៈការអប់រំ និងបង្កើតកន្លែងលាងសម្អាតដៃ។
ទី៩៖ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹង និងប្រតិបត្តិអនាម័យនៅពេលស្តីនិងកុមារីអាយុពេញវ័យមានរដូវ ដោយត្រូវមានយន្តការអប់រំក្នុងសហគមន៍ និងសាលារៀន ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបថនៃការគ្រប់គ្រងអនាម័យ ពេលមានរដូវឱ្យកាន់តែប្រសើរឡើង។
ទី១០៖ ត្រូវយកចិត្តទុកដាក់រៀបចំឱ្យមានសេវា និងគោលការណ៍ណែនាំផ្សេងៗ ក្នុងការគ្រប់គ្រងកាកសំណល់លាមកឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស៕
