បណ្ឌិត គឹម សន្តិភាព ដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំផ្តល់ព័ត៌មានបច្ចុប្បន្នភាពលើវិស័យយុត្តិធម៌ ជូនគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតនៃព្រឹទ្ធសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ជាតំណាងក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំផ្តល់ព័ត៌មានបច្ចុប្បន្នភាពលើវិស័យយុត្តិធម៌ ជូនគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតនៃព្រឹទ្ធសភា នាសាលប្រជុំវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ សម្រាប់ជាជំនួយស្មារតីដល់ប្រតិភូសភាកម្ពុជាក្នុងការចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៧ (IPU147) នាពេលខាងមុខ ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានជម្រាបជូនអង្គប្រជុំថា ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុវត្តយ៉ាងពេញលេញតាមគោលនយោបាយដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជា បានយកចិត្តទុកដាក់បំផុតក្នុងការអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ប្រជាពលរដ្ឋមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ សាភា ជំនឿសាសនា និងនិន្នាការនយោបាយនោះទេ ជាពិសេសបាន និងកំពុងពង្រឹងយុត្តិធម៌សង្គម ឱ្យកាន់តែមានសុក្រឹតភាព និងតម្លាភាពជូនប្រជាជនកម្ពុជាទូទៅ៕
