រាជរដ្ឋាភិបាល ដាក់ចេញ «យុទ្ធសាស្ត្រជាតិ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ ក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលម្អជីវភាពរបស់ប្រជាជន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន ។
សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ត្រូវបានលើកយកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងសេចក្តីព្រាងយុទ្ធសាស្ត្រជាតិនេះ បានគូសរំលេចថា ជំងឺកូវីដ-១៩ និងបញ្ហាប្រឈមសកលផ្សេងៗទៀតនាពេលបច្ចុប្បន្ន បាននិងកំពុងដាក់សម្ពាធឥតឈប់ឈរ មកលើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ពិសេសអ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងភាពជាក់ស្ដែងទាំងនោះ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាជន និងគាំទ្រដល់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញនិងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
ដើម្បីសម្រេចបានគោលបំណង និងធានាបានប្រសិទ្ធភាព និងភាពសមស្រប យុទ្ធសាស្ត្រជាតិនេះបានកំណត់អាទិភាពជាយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ (១) ការកំណត់ការកែសម្រួល និងការរៀបចំយន្តការបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ, (២) ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព, (៣) ការផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ, (៤) ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ និង (៥) ការពង្រឹងនិងពង្រីកការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងនិងការចូលរួម។
តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជាតិនេះ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា នឹងក្លាយជាប្រទីបមួយយ៉ាងសំខាន់ ដែលនឹងជួយបំភ្លឺ និងត្រួសត្រាយផ្លូវនៅលើគន្លងមួយដែលពោរពេញទៅដោយភាពស្មុគស្មាញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងនឹងក្លាយជាកត្តាលីករដែលនឹងជួយជំរុញនិងលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងសមាគមនានា សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់យ៉ាងពិតប្រាកដ ស្របតាមគោលការណ៍ «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» ទាំងក្នុងន័យអភិវឌ្ឍនិងការចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍ។
សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ត្រូវបានរៀបចំឡើងជា៨ផ្នែក និងមានឧបសម្ព័ន្ធចំនួន៣។ បន្ទាប់ពីពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ហើយនោះ សេចក្តីព្រាងយុទ្ធសាស្ត្រនេះ ត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
ទន្ទឹមនឹងការអនុម័តលើសេចក្តីព្រាងយុទ្ធសាស្ត្រនេះហើយ ក្នុងកិច្ចប្រជុំនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដល់សាធារណជនឱ្យបានទូលំទូលាយ៕
