សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យ ឯកឧត្ដមលេខាធិការបក្ស លាវ នីង ពិនិត្យលទ្ធភាពពន្លឿនដំណើរការរៀបចំនីតិវិធីចុះ MoU នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ិន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នេីឲ្យឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្ដោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្មវៃឆ្លាត (smart agriculture)។
នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង គណៈប្រតិភូ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងណានីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ។
មុននឹងឆ្លើយតបចំពោះការស្នើរបស់ សម្ដេចធិបតី ឯកឧត្ដមលេខាធិការបក្ស បានអរគុណចំពោះ សម្ដេចធិបតី ដែលបានជូនពរឱ្យការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ប្រកបដោយជោគជ័យ និងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីការពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយឯកឧត្ដមនឹងចាប់ផ្តើមពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា ។
ជាកិច្ចបញ្ចប់, សម្ដេចធិបតី បានជូនពរជាថ្មីឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទទួលបានជោគជ័យត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ។ ឯកឧត្ដមលេខាធិការបក្ស ក៏បានអរគុណ និងបានជូនពរឱ្យ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយជោគជ័យ និងបានជូនពរឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕
