រថយន្តបុកអ្នកថ្មើរជើងពេញទំហឹង បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់បាត់បង់ជីវិត នៅស្រុករតនមណ្ឌល

បាត់ដំបង៖ នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៤០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៥៧ ភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងអ្នកថ្មើរជើង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តមិនស្គាល់ម៉ាកបើករត់គេចខ្លួន បានបុកនឹងអ្នកថ្មើរជើងជាកុមារីម្នាក់ឈ្មោះ ធី សុខលី អាយុ១៣ឆ្នាំ ស្នាក់នៅភូមិសាលាបាឡាត់ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានដើររើសអេតចាយនៅកន្លែងកើតហេតុខាងលើជាមួយក្រុមគ្រួសាររួចបានឆ្លងផ្លូវពីស្តាំទៅខាងឆ្វេង ត្រូវបានរថយន្តមួយគ្រឿង ពណ៌ខ្មៅ មិនស្គាល់ម៉ាក បើកបរពីលិចមកកើតបានបុកក្មេងស្រីឆ្លងផ្លូវនោះ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយពីត្រូវរថយន្តបុករួចក្រុមគ្រួសារក្មេងស្រីរងគ្រោះបានដឹកទៅមណ្ឌលសុខភាពស្ដៅ តែគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ រួចក្រុមគ្រួសារក៏នាំគ្នាដឹកមកប្ដឹងនៅអធិការដ្ឋាននគរបាលស្រុកតែម្ដង។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសារអ្នកបើកបររថយន្តបើកបរល្បឿនលឿនមិនបានប្រយ័ត្នទើបបណ្តាលអោយទៅបុក និងអ្នកថ្មើរជើពេញមួយទំហឹងតែម្ដង។
បច្ចុប្បន្ននគរបាលស្រុករតនមណ្ឌលកំពុងស្វែងរកអ្នកបើកបររថយន្ត ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
