កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងការបរទេស រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការងារបដិសណ្ឋារកិច្ច និងតួនាទីភារកិច្ច របស់មន្ដ្រីទំនាក់ទំនង»

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ រៀបចំក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការងារបដិសណ្ឋារកិច្ច និងតួនាទីភារកិច្ច របស់មន្ដ្រីទំនាក់ទំនង» ជូនមន្ដ្រី ប្រតិភូយុវជនទទួលបន្ទុកការងារទំនាក់ទំនង (L.O) ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។
វគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ណុំ ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងមានការចូលរួមពីមន្ដ្រីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា យុវជន និងអ្នកស្ម័គ្រចិត្ត ជាប្រតិភូយុវជន និងមន្ដ្រីទំនាក់ទំនង សរុប ៤០នាក់។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់មន្ដ្រីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា យុវជន និងអ្នកស្ម័គ្រចិត្ត ជាប្រតិភូយុវជន និងមន្ដ្រីទំនាក់ទំនង បានយល់ច្បាស់ពីតួនាទីភារកិច្ច ការទទួលខុសត្រូវរបស់ខ្លូន ដើម្បីទទួលប្រតិភូយុវជន និងថ្នាក់ដឹកនាំនៃសមាគមជាតិទាំង១០ មកចូលរួម កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា បន្ទាប់ពីមន្ដ្រីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ជាប្រតិភូយុវជន និងមន្ដ្រីទំនាក់ទំនង បានទទួលវគ្គបណ្ដុះបណ្ដាលលើកទី១នៅ ថ្ងៃនេះ នឹងបន្ដជួបគ្នាជាលើកទី២ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ដើម្បីអនុវត្តការងារជាក់ស្ដែង ដោយចុះទៅពិនិត្យនៅទីតាំងប្រជុំ បន្ទប់ស្នាក់នៅ និងទីកន្លែងទទួលទានអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងប្រតិភូថ្នាក់ដឹកនាំ យុវជនជាតិ និងអន្ដរជាតិទាំងអស់ ដើម្បីផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តផ្ទាល់ជាក់ស្ដែង។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ ឯកឧត្តម ណុំ ពិសិដ្ឋ ក៏បានបង្ហាញពីគន្លឹះសំខាន់ៗ ដើម្បីចៀសវាងបញ្ហាប្រឈម និងឈានទៅឱ្យការរៀបចំទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ទទួលបានជោគជ័យ។
ក្រោយវគ្គបណ្ដុះបណ្ដាលបញ្ចប់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កក្រក បានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសដែលបានធ្វេីបទបង្ហាញ និងចែករំលែកបទពិសោធន៍ ចំណេះដឹងជូនសិក្ខាកាមទាំងអស់។ លោកជំទាវបន្ថែមថា ចំណេះដឹងទាំងនេះមិនមានងាយនឹងទទួលបាននោះទេ សង្ឃឹមថាមន្ដ្រី និងប្រតិភូយុវជនទាំងអស់យកចំណេះដឹង និងជំនាញនេះ ទៅអនុវត្តបានល្អប្រសេីរក្នុងពេលកម្មវិធីជាក់ស្ដែងខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ២កម្មវិធី គឺ១ វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានប្រតិភូយុវជនចូលរួមសរុប ៤១នាក់ មកពីសមាគមជាតិទាំង១១ និងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ប្រព្រឹត្តទៅនាថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានប្រតិភូថ្នាក់ដឹកនាំជាតិ អន្ដរជាតិ សរុបប្រមាណ ១៨០នាក់ ចូលរួមផងដែរ៕
