ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដជំរុញភ្នាក់ងារសន្ដិសុខឯកជន ចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់មានសុវត្ថិភាព»

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានបន្ដជំរុញភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» សំដៅទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកវគ្គបំប៉នជំនាញភ្ញាក់ងារសន្តិសុខឯកជន លើកទី៥១ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» នេះ ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យភូមិ-ឃុំ-សង្កាត់ មានសន្តិសុខ សុវត្ថិភាព ពិសេសគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ទើបធ្វើឲ្យយើងរស់នៅបានសុខដុមរមនា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី គូសបញ្ជាក់ថា ការដែលចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសគឺភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កង កម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា ២៤/២៤ម៉ោង ហេតុនេះហើយឯកឧត្តមសូមអំពាវនាវ ដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» នេះឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានថ្លែងអំណរគុណដល់ភ្នាក់ងារសន្តិសុខឯកជន ដែលកន្លងមកបានចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ពោលគឺមានកិច្ចសហការល្អជាមួយសមត្ថកិច្ច ដែលបានរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។ ឯកឧត្តម ក៏សូមអគុណដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលបានសម្រួលដល់ភ្នាក់ងារសន្តិសុខឯកជន បានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា នេះជាលើកទី៥១ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ បងប្អូនសិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖
១-តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន
២-វិធីសាស្រ្តការពារគោលដៅ
៣-ច្បាប់ចរាចរណ៍ផ្លូវគោក
៤-របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច
៥-ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ
៦-វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួនក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល ៕
