ហ្វីលីពីន-WB ចុះកិច្ចព្រមព្រៀងដែលមានតម្លៃ ៦០០លានដុល្លារ សម្រាប់ទំនើបកម្មកសិកម្ម

ក្រសួងហិរញ្ញវត្ថុហ្វីលីពីន (DOF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីមួយដែលមានចំនួន ៦០០លានដុល្លារអាម៉េរិកជាមួយធនាគារពិភពលោក (WB) សម្រាប់ទំនើបកម្ម និងឧស្សាហតូបនីយកម្មនៃវិស័យកសិកម្មរបស់ប្រទេសនេះ។
យោងតាមក្រសួង DOF បានឱ្យដឹងថា កតិកាសញ្ញាដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែកក្កដា នឹងត្រូវបានប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍជនបទហ្វីលីពីន (PRDP) ដែលផ្តោតសំខាន់ទៅលើការប្រែក្លាយវិស័យកសិកម្មទៅជាវិស័យទំនើបកម្ម និងឧស្សាហតូបនីយកម្ម តាមរយៈអន្តរាគមន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការពង្រឹងខ្សែសង្វាក់តម្លៃទំនិញ។
គម្រោង PRDP ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់ក្រសួងកសិកម្មហ្វីលីពីន (DA) គឺជាការឆ្លើយតបដ៏ទូលំទូលាយមួយចំពោះបញ្ហាប្រឈមដែលកំពុងជួបប្រទះនៅក្នុងវិស័យកសិ-នេសាទ និងសហគមន៍ជនបទក្នុងប្រទេស។
ជាពិសេស គម្រោងនេះនឹងជំរុញកសិករ និងប្រជានេសាទ ក្នុងការចូលទៅកាន់ទីផ្សារ បង្កើនប្រាក់ចំណូលពីខ្សែសង្វាក់តម្លៃកសិផលដែលបានជ្រើសរើស និងបង្កើនប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ។
វានឹងរួមបញ្ចូលនូវការវិនិយោគដោយផ្ទាល់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធជនបទ និងអនុគម្រោងសហគ្រាស ដែលនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករ និងអ្នកនេសាទប្រហែល ៤៥០.០០០នាក់ និងបង្កើតការងារថ្មីប្រមាណ ៤២.០០០៕
