ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ មុនរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញ មានសភាពស្ងាត់ជ្រងំ ដែលអ្នកខ្លះបានហៅថាជាទីក្រុងខ្មោច

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា មុនរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩, រាជធានីភ្នំពេញ មានសភាពស្ងាត់ជ្រងំ ដែលអ្នកខ្លះបានហៅថាជាទីក្រុងខ្មោច ព្រោះតែទីក្រុងមួយនេះមិនមានមនុស្សរស់នៅទៀតឡើយ ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ (កៅស៊ូ AC) ប្រវែង ៤០០០ ម៉ែត្រ ទទឹងប្រវែង ៥០ ម៉ែត្រ និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េចំនួន ២ ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បន្ទាប់ពីរបប ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ ដោយកងកម្លាំងអ្នកស្នេហាជាតិក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គេក៏បានឃើញប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមនាំគ្នាវិលចូលមករស់នៅក្នុងរាជធានីភ្នំពេញវិញ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាង ៤៤ឆ្នាំ ក្រោយការដួលរលំនៃរបបវាលពិឃាតនេះ, រាជធានីភ្នំពេញកំពុងតែប្រមូលផ្តុំដោយប្រជាពលរដ្ឋយ៉ាងកកកុញកុះកររហូតដល់ទៅជាង ២ លាននាក់ ។ ទន្ទឹមនេះ គេក៏សង្កេតឃើញមានការពង្រីកផ្ទៃដីកាន់តែធំ ជាមួយការកើនឡើងនូវអគារតូចធំ ខ្ពស់ទាបយ៉ាងច្រើនស្អេកស្កះ ៕
