សម្ដេចតេជោ អវត្តមានជាសាធារណៈប៉ុន្មានថ្ងៃនេះ គឺដោយសារកំដរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅពិនិត្យសុខភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា អវត្តមានសម្ដេចជាសាធារណៈប៉ុន្មានថ្ងៃមកនេះ ដោយសារត្រូវកំដរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីទៅពិនិត្យសុខភាព។
ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនេះស្ថានភាពសុខភាព របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានភាពល្អប្រសើរឡើងវិញហើយ ដែលអាចឲ្យសម្ដេចបន្ដការងារបានជាធម្មតា។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា «ពូមានធុរៈផ្ទាល់ខ្លួន ដោយសារមីង មានបញ្ហាសុខភាពខ្លះ ប្រសិនបើប្រពន្ធមានបញ្ហាសុខភាពយ៉ាងដូច្នេះ ឲ្យប្ដីគិតតែធ្វើការមិនបានយកចិត្តទុកដាក់ ច្បាស់ណាស់កម្លាំងចិត្តរបស់គាត់នឹងត្រូវបាក់»។
ជាមួយគ្នានោះសម្ដេចតេជោ ក៏បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ស្រាវជ្រាវជាបន្ទាន់ចំពោះបុគ្គលមួយចំនួន ដែលប្រើប្រាស់ពាក្យសម្ដីប្រមាថដល់អាយុជីវិតរបស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅតាមបណ្ដាញសង្គម ប្រសិនបើរកឃើញនៅក្នុងប្រទេស ត្រូវចាត់វិធានការច្បាប់ ដើម្បីកុំឲ្យក្រុមនេះប្រព្រឹត្តអ្វីតាមអំពើចិត្ត ព្រោះការប្រមាថអាយុជីវិតនេះ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិឡើយ ៕
