បណ្ឌិត ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ បានបញ្ចប់សង្គ្រាម និងជម្លោះផ្ទៃក្នុងទាំងស្រុង នាំមកនូវសន្តិភាព ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាង ៥០០ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា គោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានបញ្ចប់ទាំងស្រុងនូវសង្គ្រាម និងជម្លោះបែកបាក់ផ្ទៃក្នុង ដោយនាំមកនូវសុខសន្តិភាព ពេញលេញនៅទូទាំងប្រទេស ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តជាង ៥០០ឆ្នាំ របស់កម្ពុជា ។
ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នាថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វឌ្ឍនភាពនេះ មិនមែនកើតទ្បើងដោយចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលជំហររឹងមាំក្នុងបុព្វហេតុឥតប្រែប្រួល របស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិ និងប្រជាជន ដែលត្រូវបានកំណត់ជាគោលនយោបាយ អាទិភាពចម្បងបំផុត ចាប់តាំងពីថ្ងៃកំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា លើសពីនេះ នៅក្នុងគ្រប់ដំណាក់កាលទាំងអស់ នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ គឺ សម្តេចតេជោ, ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ក៏បានតម្កល់ការសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បងបំផុតដោយក្នុងនេះ សម្តេចតេជោ បានធ្វើការវាយតម្លៃសភាពការណ៍ច្បាស់លាស់ និងហ៊ានធ្វើការអារកាត់សម្រេចចិត្តបានត្រឹមត្រូវ និងទាន់ពេលវេលា ទាំងតាមរយៈការបង្ការការពារ, ការព្យាបាល, ការចាក់វ៉ាក់សាំង និងការជួយឧបត្ថម្ភទំនុកបម្រុង ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រហូតឈានដល់ការបើកដំណើរការប្រទេសជាប្រក្រតី និងមានលំនឹងស្ថិរភាពទ្បើងវិញ ដូចសព្វថ្ងៃនេះ ៕

