ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ អនាគត យើងមានគោលដៅកសាងពង្រឹង សមត្ថភាពកូនខ្មែរឱ្យខ្លាំង តាមរយៈការអភិវឌ្ឍសមត្ថភាពរបស់យុវជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា អនាគត គឺយើងមានគោលដៅកសាងពង្រឹងសមត្ថភាពកូនខ្មែរឱ្យខ្លាំងតាមរយៈការអភិវឌ្ឍសមត្ថភាពរបស់យុវជន ពីព្រោះយុវជនគឺជាកម្លាំងស្នូលនៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិ ដែលអាចធានាអនាគត និងក្តីសង្ឃឹមសម្រាប់ជាតិ និងប្រជាជនតទៅខាងមុខ។
ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត មានប្រសាសន៍ថា យើងម្នាក់ៗមានដំណើរជីវិតផ្សេងៗគ្នា ប៉ុន្តែយើងសុទ្ធតែជាខ្មែរដែលមានប្រវត្តិសាវតារតែមួយ និងទឹកដីកំណើតតែមួយ ហើយត្រូវបានកំណត់អត្តសញ្ញាណដោយទង់ជាតិមានប្រាសាទអង្គរវត្តជាតំណាង។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា យើងត្រូវមើលប្រវត្តិសាស្ត្រអំពីដើមកំណើតរួមរបស់យើង និងដំណើរវិវត្តដល់មកដល់បច្ចុប្បន្ន ក៏ដូចជាឯកភាពរួមគ្នាលើគោលដៅឆ្ពោះទៅអនាគត។ អតីតកាល អាចផ្តល់មេរៀនឱ្យយើងគេចចេញពីកន្លែងលំបាក ហើយកន្លែងណាល្អៗត្រូវខិតខំកសាង និងពង្រឹងបន្ថែមទៀត ជាពិសេសការថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ៕

