ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបវេល

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលរខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបវេល ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុក មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកបវេលទាំងអស់ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះទៀត។
នៅចុងបញ្ចប់នៃពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបរវេលនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ៕
