សម្ដេចតេជោ ហ៊ុន សែន៖ ហ៊ុន ម៉ាណែត ឡើងធ្វើនាយករដ្ឋមន្ត្រី តាមស្អីក៏ដោយមិនសំខាន់ សំខាន់ឲ្យតែស្របច្បាប់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា សម្ដេចមិនខ្វល់ថាឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងឡើងធ្វើជានាយករដ្ឋមន្ដ្រី នៅថ្ងៃអនាគតដោយវិធីសាស្ដ្រណាក៏ដោយ សំខាន់ឲ្យតែការឡើងកាន់តំណែងនោះ ដោយស្របច្បាប់។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មការ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១៦ មិថុនា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចនឹងមិនធ្វើនាយករដ្ឋមន្ត្រីដល់ឆ្នាំ២០៣២នោះទេ ដោយសារពេលនោះសម្តេចមានអាយុ៨០ឆ្នាំហើយ។
សម្ដេចតេជោបានបញ្ជាក់ថា «សូមប្រាប់ថា ហ៊ុន ម៉ាណែត ឡើងតាមជើងខោក៏ដោយ តាមស្អីក៏ដោយឲ្យតែស្របច្បាប់ ភាពស្របនៅទីនេះ គឺឥឡូវនេះហ៊ុន ម៉ាណែតបានសុំច្បាប់ពិសេស ដោយមិនកាន់កងទ័ពនោះទេ អីចឹងបានអត់ឃើញវត្តមាន នៅពេលសម្ពោធកងពលលេខ៧០កន្លងមក។ តម្រូវឲ្យសុំច្បាប់ពិសេសដូច្នេះ ហ៊ុន ម៉ាណែត ត្រូវធ្វើកិច្ចការបក្សមិនមានពាក់ឯកសណ្ឋាកងទ័ពទេ” ។
ជាមួយគ្នានោះដែរ សម្តេចតេជោបានលើកឡើងថា លក្ខខណ្ឌដែលធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជាបាន ដំបូងបំផុតគណបក្សនយោបាយរបស់ខ្លួន ត្រូវជ្រើសរើសបេក្ខជននាករដ្ឋមន្ត្រី “គណបក្សប្រជាជនមានមនុស្សច្រើនណាស់ តែបញ្ហាសំខាន់បំផុតហ៊ុន ម៉ាណែតជាកូន ហ៊ុន សែនតែប៉ុណ្ណឹងទេ ក៏ប៉ុន្តែបើទោះបីជាមិនមែនកូនក៏យើងត្រូវរើសយកដែរ ព្រោះមានគ្រប់លក្ខខណ្ឌសម្បត្តិគ្រប់គ្រាន់ ហើយបានជ្រើសរើសរយៈពេល ២ឆ្នាំមកហើយ” ៕
