សម្តេច ស ខេង៖ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដល់ពលរដ្ឋ ជាការផ្តល់នូវឯកសារដ៏សំខាន់ សម្រាប់ចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោត

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់ ជាពិសេស យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យផលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នាថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បន្តថា ក្នុងន័យនេះ ដើម្បីធានានូវសិទ្ធិសេរីភាព ក៏ដូចជាកាតព្វកិច្ចនានារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ និងបានបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំងណែនាំដល់ថ្នាក់ក្រោមជាតិ ក្នុងការជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពបានប្រើប្រាស់។
សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា យោងតាមផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ក៏ប៉ុន្តែមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានស្នើសុំរាជរដ្ឋាភិបាល ដើម្បីពន្យានូវដំណើរការនៃការអនុវត្តផែនការនេះរហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីបន្តអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា។ ក្នុងន័យនេះដែរ សម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងច្បាស់ថា នេះគ្រាន់តែជាការបិទបញ្ចប់នៃផែនការយុទ្ធនាការតែប៉ុណ្ណោះ មិនមែនមានន័យថាឈប់ផ្តល់សេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋបានទៀតនោះទេ គឺប្រជាពលរដ្ឋនៅតែមានសិទ្ធិអាចទៅទទួលសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះជាមួយអាជ្ញាធរមូលដ្ឋានបានដដែល។
ក្នុងឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានធ្វើសេចក្តីរាយការសង្ខេបស្តីពីលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គោរពជូនសម្តេចក្រឡាហោម និងអង្គប្រជុំបានជ្រាបថា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ឆ្នាំ១៩៩០ និងដើមទស្សវរ៍ឆ្នាំ២០០០ ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ដែលជាអត្តសញ្ញាណប័ណ្ណដែលផលិតតាមនិយាមធម្មតា ជាក្រដាស និងផ្លាស្ទិច ចំនួន ០៣លើក ដោយមិនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ។ ប៉ុន្តែមកដល់ឆ្នាំ២០១១ ក៏បានប្រែក្លាយប្រភេទអត្តសញ្ញាណប័ណ្ណអេឡិកត្រូនិច ដោយប្រើបច្ចេកវិទ្យាជីវមាត្រចាប់យកខ្ចៅដៃទាំង១០ អាចទប់ស្កាត់និន្ន័យស្ទួន (ការធ្វើ២ដង)។ ការផ្តល់អត្តសញ្ញាណប័ណ្ណអេឡិកត្រូនិចនេះ បានចាប់ផ្តើមអនុវត្តជាផ្លូវការពីឆ្នាំ២០១២ ដែលគិតរហូតមកដល់បច្ចុប្បន្ននេះ ការផលិតផ្តល់ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើង បានប្រមាណ១២លានសន្លឹក ដែលមានសុពលភាពរយៈពេល១០ឆ្នាំ។
ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពប្រើប្រាស់ប្រមាណ ១.៧២៧.០៩៤សន្លឹក។ ឯកឧត្តម សន្តិបណ្ឌិត បន្ថែមថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងគិតចាប់ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៧៩៣.៦៧៩ ទិន្នន័យ។ ចំពោះការផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួន ៩២៩.៨១៦ ស្មើ៥៤% លើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពក្នុងឆ្នាំ២០២២ និងត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនសរុប ១.៧២៧.០៩៤ នាក់។ ហើយចំនួនដែលនៅបន្តផ្តល់ជូនមាន ៧៩៧.២៧៩ នាក់។
ឯកឧត្តម សន្តិបណ្ឌិត ក៏បានលើកឡើងបន្តថា ចំពោះករណីសេសសល់មិនទាន់បានផ្តល់ជូននេះ គឺដោយសារក្រុមការងារ កំពុងមានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា មានប្រជាជនមួយចំនួនបានធ្វើចំណាក់ស្រុកពីខេត្តមួយទៅខេត្តមួយ ឬចំណាក់ស្រុកទៅក្រៅប្រទេស មិនអាចត្រលប់មកបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតាបាន។ ក្រៅពីនេះ មានប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ខុសគោលដៅ ដូចជា យកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធជាដើម។ លើសពីនេះទៀត ឯកឧត្តម សន្តិបណ្ឌិត បានលើកឡើងថា ទន្ទឹមនឹងការសម្រេចបាននេះ ក្រុមការងារ បានយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំផែនការសកម្មភាព ការផ្តល់ចល័តនៅគ្រប់ទីតាំងដែលអាចធ្វើទៅបានផងដែរ។ជាថ្មីម្តងទៀត ឆ្លើយតបចំពោះបញ្ហាប្រឈម ករណីយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់ខុសគោលដៅនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បញ្ហានេះនឹងលែងមានតទៅទៀត បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ ៕
