សភាសម្ព័ន្ធសហជីពជាតិកម្ពុជាដែលមានសមាជិកសមាជិកាជាង៣០០.០០០នាក់ ប្រកាសគាំទ្រ សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៣នេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) តំណាង៦៤ សហព័ន្ធសហជីព និងអង្គការ-សមាគម ដែលមានសមាជិកសមាជិកាជាង ៣០០.០០០នាក់ ដែលជាគ្រូបង្រៀន និស្សិតបញ្ញាវន្ត កម្មករ និយោជិត កំពង់បម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធសូមប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា៣៤ថ្មី រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងបទបញ្ញត្តិស្តីពី “ការដកសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឲ្យ”សម្រាប់ជនណាដែលមិនបានបំពេញកាតព្វកិច្ចទៅបោះឆ្នោត ជននោះនឹងត្រូវ «បាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោតនៅគ្រប់លំដាប់ថ្នាក់ទាំងអស់» ។
ការធ្វើវិសោធនកម្មច្បាប់នេះ ជាការពង្រឹងទៅដល់ការទទួលខុសត្រូវសម្រាប់អ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់ឃុំ សង្កាត់ឡើងទៅ ហើយវាក៏មិនបានធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិពលរដ្ឋក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ។
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋនិងកម្មករ និយោជិតទាំងអស់មេត្តាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ឲ្យបានគ្រប់គ្នា ដើម្បីបង្ហាញពីការចូលរួមអនុវត្តនូវសិទ្ធិនិងការបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងនាមជាពលរដ្ឋល្អ៕
