បណ្ឌិត ហ៊ុន ម៉ាណែត៖ អត្រាចំនួនអ្នកបានទៅបោះឆ្នោត ក្នុងឆ្នាំ២០២២កន្លងទៅ បានបង្ហាញឱ្យឃើញនូវការគាំទ្រ នៃដំណើរការលិទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នាថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ ថាអត្រានៃចំនួនអ្នកបានទៅបោះឆ្នោតក្នុងឆ្នាំ២០២២ កន្លងទៅ បានបង្ហាញឱ្យឃើញនូវការគាំទ្រនៃដំណើរការលិទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ក៏ដូចជាការជ្រើសរើសយកឱកាសនៃសុខសន្តិភាព និងស្ថិរភាព ដែលកំពុងមានសព្វថ្ងៃនេះ ជាពិសេសការយល់ច្បាស់អំពីតួនាទីក្នុងនាមជាពលរដ្ឋល្អ ដែលត្រូវអនុវត្តសិទ្ធិនយោបាយក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត និងជឿជាក់ ជាពិសេសជំនឿទុកចិត្តលើ សម្តេចតេជោ ប្រធានគណបក្ស, ថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីបន្តថែរក្សាការពារឱកាសគ្រប់បែបយ៉ាងក្រោមដំបូលនៃសន្តិភាព។

