សម្ដេចតេជោ៖ ចក្ខុវិស័យតាំងពីដើមរបស់សម្តេចកែទម្រង់ ៩៩ភាគរយ «រស់» មិនកែទម្រង់ ៩៩ភាគរយ «ស្លាប់»

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចក្ខុវិស័យតាំងពីដើមរបស់សម្តេច គឺកែទម្រង់ ៩៩ភាគរយ «រស់» មិនកែទម្រង់ ៩៩ភាគរយ «ស្លាប់»។
ការបញ្ជាក់របស់សម្ដេចបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំនិយាយតាមមួយបែប តាំងពីដើមមក កំណែទម្រង់៩៩ភាគរយ «រស់» មិនកែទម្រង់៩៩ភាគរយ «ស្លាប់» អ៊ីចឹងអ្វីៗកុំនៅទ្រឹងមួយកន្លែង ត្រូវដើរឲ្យទាន់សភាពការណ៍”។
សម្ដេចតេជោ បានលើកឡើងថា នៅក្នុងកំណែទម្រង់ ដែលបានដាក់ចេញនូវក្នុងអាណត្ដិទី៣ គឺទាក់ទងជាមួយនឹងកំណែទម្រង់ ប្រព័ន្ធយុត្ដិធម៌ និងតុលាការ ដោយបានដាក់ចេញកំណែទម្រង់ រដ្ឋបាលសាធារណៈ, កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ, កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កិច្ចការតុលាការរបស់កម្ពុជាសព្វថ្ងៃ ត្រូវធ្វើការកែទម្រង់ជាបន្តទៀត គឺវាជាការល្អ ដែលក្នុងរយៈពេលកន្លងទៅ បានផ្ដួចផ្ដើមរួមគ្នា បង្កើតឲ្យមានសាលាឧទ្ធរណ៍តាមភូមិភាគ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បើសិនជាមិនបង្កើតសាលាឧទ្ធរណ៍តាមភូមិភាគទេ ប្រហែលជាសំណុំរឿងកកស្ទះ នៅសាលាឧទ្ធរណ៍ភ្នំពេញ គឺមានយ៉ាងច្រើន។ សម្ដេចថា «យើងសុខចិត្ត ជាមួយនឹងការបង្កើត ឲ្យមានសាលាឧទ្ធរណ៍តាមភូមិភាគ ដើម្បីងាយស្រួលផ្តល់សេវាយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋរបស់យើង»។
សម្ដេចតេជោ ហ៊ុន សែន បានយល់ឃើញថា មានការចាំបាច់ ដើម្បីផ្តល់ក្របខ័ណ្ឌបន្ថែម ជូនទៅដល់ផ្នែកតុលាការ ទាក់ទិនជាមួយនឹងដំណើរការសាលាក្ដី ទាំងសាលាដំបូង ទាំងសាលាឧទ្ធរណ៍តាមភូមិ-ភាគ រាប់ទាំងតុលាការកំពូល៕
