បុរសចំណាស់ម្នាក់សង្ស័យពុលត្រីកំពតស្លាប់ នៅស្រុកភ្នំស្រុក

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតក្រោយបរិភោគត្រីកំពតហើយមានអាការៈទន់ដៃទន់ជើងបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ថោក ភើយ ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានសុំត្រីកំពតពីឈ្មោះ ពេក ស៊ុយ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ចំនួន០៤ក្បាលយកមកអាំងហូបនៅផ្ទះម្នាក់ឯង បន្ទាប់ពីហូបរួចក៏មានអាការៈទន់ដៃទន់ជើង ពេលនោះមានឈ្មោះ ផន ភាព ភេទស្រី អាយុ ៥៥ឆ្នាំ ត្រូវជាប្រពន្ធ បានបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក ដោយពិនិត្យឃើញថាមានសភាពធ្ងន់ធ្ងរគ្រូពេទ្យបានបន្តបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី បន្ទាប់មកជនរងគ្រោះក៏បានដាច់ខ្សល់ស្លាប់តាផ្លូវ ៕
