សម្តេចតេជោ រំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីសុខសន្តិភាពនេះឯង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅរោងចក្រ Wing Star Shoe ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោបានបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។
គណបក្សប្រជាជនកម្ពុជាមិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះនោះទេ ថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត។ សម្តេចតេជោបន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ ៕
