សម្ដេចតេជោ៖ បទបញ្ជារបស់ខ្ញុំត្រូវតែអនុវត្ត ចំពោះបុគ្គលហ៊ានធ្វើបាតុកម្ម តាមការអំពាវនាវរបស់ក្រុមជ្រុលនិយម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអនុវត្តបទបញ្ជារបស់សម្ដេច ចំពោះក្រុមបុគ្គលណាដែលហ៊ានបាតុកម្ម តាមការអំពាវនាវរបស់ក្រុមជ្រុលនិយម ។
ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី៣ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូម្បីតែអ្នកដែលចង់ធ្វើបាតុកម្មប៉ុន្មានថ្ងៃនេះ ម្ដងហើយម្ដងទៀត ខ្ញុំនៅតែបញ្ជាក់ថា ប្រសិនបើអ្នកឯងនៅហ៊ានធ្វើបទបញ្ជាខ្ញុំត្រូវតែអនុវត្ត កុំបង្កើតចលាចល អញ្ចឹងទេយើងត្រូវរួមគ្នាការពាររក្សាសន្ដិភាពនេះ ឲ្យខាងតែបាន»។
សម្ដេចតេជោ ហ៊ុន សែន សង្ក់តធ្ងន់ថា មានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលមានសមត្ថភាពរកសន្ដិភាពបានហើយ ការពារសន្ដិភាពបានទៀត គ្រាដែលគណបក្សដទៃមិនទាន់ មានសមត្ថភាពបែបនេះឡើយ។
សូមរំលឹកថា កាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា អ្នកដែលធ្វើបាតុកម្មប្រឆាំងនឹង សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងត្រូវស្វាគមន៍ដោយគុក ដោយរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យពួកគេបំផ្លាញសន្តិសុខ និងស្ថេរភាពជាតិនោះទេ ៕
