សិស្សានុសិស្សសាលាបឋមសិក្សាក្របីរៀលចុះទស្សនកិច្ចសិក្សាស្វែងយល់ នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សិស្សានុសិស្សពីសាលាបឋមសិក្សាក្របីរៀល ដែលស្ថិតក្នុង គម្រោងអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានចុះទស្សនកិច្ចសិក្សាស្វែងយល់នៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ។
បើតាមលោកគ្រូ គួន ឆៀង នៃសាលាបឋមសិក្សាក្របីរៀល ដែលដឹកនាំកូនសិស្សមកទស្សនកិច្ចនៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលគម្រោងបាននាំសិស្សានុសិស្សមក ទស្សនកិច្ចសិក្សាស្វែងយល់ពីបេតិកភណ្ឌនៅសារមន្ទីរ។
លោកបន្តថា សិស្សដែលមកពេលនេះសរុប ប្រមាណជិត១០០នាក់ មានថ្នាក់ទី៥ និងទី៦។
ការមកឃើញផ្ទាល់នេះ ជួយឱ្យសិស្សានុសិស្សកាន់តែមានភាពច្បាស់លាស់ជាមួយតម្លៃបេតិកភណ្ឌ និងវត្ថុបុរាណជាច្រើនដែលតាំងបង្ហាញ និងបានរកឃើញនៅតាមការដ្ឋានកំណាយជុំវិញតំបន់រមណីយដ្ឋានអង្គរ។
លោកគ្រូ គួន ឆៀង យល់ថា កិច្ចការងារនេះមានសារសំខាន់ណាស់ ដើម្បីឱ្យសិស្សបានឃើញជាក់ស្ដែង ងាយស្រួលចាំ ហើយពេលត្រឡប់ទៅវិញ លោកនឹងមានសំណួរសម្រាប់កូនសិស្សបន្ថែម ជួយឱ្យពួកគេមានការយល់ដឹងកាន់តែច្បាស់៕
