សម្តេច ម៉ែន សំអន និង សមាជិកមជ្ឈិមបក្ស អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ក្នុងវិស័យអធិការកិច្ច

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ឌ័ន ហុងហ្វុង (Doan Hong Phong) សមាជិកមជ្ឈិមបក្ស អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ក្នុងវិស័យអធិការកិច្ចរវាងប្រទេសទាំងពីរ នៅទីស្តីការអធិការកិច្ច រដ្ឋាភិបាលវៀតណាម នាព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងអំពីកិច្ចសហ ប្រតិបត្ដិការរវាងស្ថាប័ន អធិការកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាលើវិស័យអធិការកិច្ចរួមមាន៖ លើក ទី១. នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥, លើកទី២. នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២, លើកទី៣. នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី៤. គឺនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា មន្រ្តីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ទទួលបានការបណ្តុះបណ្តាលលើជំនាញអធិការកិច្ច មានវគ្គរយៈពេល ៦ខែ រយៈពេល៣ខែ និងរយៈពេល១ខែ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គិតចាប់តាំងពីឆ្នាំ ២០០៦-២០១៨ មានចំនួនសរុប ២៥៣នាក់ ក្នុងនោះ រយៈពេល ៦ខែ ចំនួន ៨នាក់ រយៈពេល ៣ខែចំនួន ២០នាក់ និងរយៈពេល ១ខែ ចំនួន ២២៥នាក់។
ដោយ អនុវត្ដន៍តាម ខ្លឹមសារ អនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការអនុវត្ដកិច្ចព្រមព្រៀងរវាងក្រសួង ទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គលេខាធិការដ្ឋាន អធិការកិច្ច រដ្ឋាភិបាលវៀតណាម បានធ្វើឱ្យស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បាន ដកបទពិសោធន៍ពីគ្នាទៅវិញទៅមកលើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងការបង្ការទប់ស្កាត់អំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាព អសកម្ម នៃអំណាចសាធារណៈ៕
