លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបក្ខពួកត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ និងបទរួមគំនិតក្បត់

ភ្នំពេញ៖ លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបក្ខពួក ២រូបទៀត គឺលោក ញឹល ភាព និងលោក ថាន់ ហាច ត្រូវបានតុលាការចោទប្រកាន់ចំនួនពីរបទល្មើស គឺបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ និងបទញុះញង់ តាមមាត្រា៤៩៥ និងត្រូវបានចៅក្រមសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរី កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
ការចោទប្រកាន់នេះ បន្ទាប់ពីតំណាងអយ្យការ និងចៅក្រមស៊ើបសួរធ្វើការសាកសួររួចរាល់។
អ្នកនាំពាក្យសាលាដំបូងខេត្តរតនគីរី លោកកែវ ពិសុទ្ធ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ ខែឧសភា នេះថា លោកថេង សាវឿន លោក ញឹល ភាព និងលោក ថាន់ ហាច ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន។
សូមជម្រាបថា លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា(CCFC) និងបក្ខពួក ចំនួន១៧នាក់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួននៅខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
