ឯកឧត្ដម ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្ត ឱ្យរួមគ្នាតែមួយ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្ត ឱ្យរួមគ្នាតែមួយហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ។
ឯកឧត្ដមបន្តថា ពិសេសជាយន្តការនៃភ្ជាប់សកម្មភាពពាណិជ្ជកម្ម, ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប សំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ឯកឧត្ដមមានប្រសាសន៍បែបនេះ ខណៈអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងចំនួន ៩ កន្លែងនៃឃុំចំនួន ៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្ដមបានបន្តថា ខេត្តកំពង់ចាម ជាខេត្តប្រកបដោយសក្កានុពលទាំងប្រជាជន និងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ជាមួយនឹងសក្តានុពលដ៏សម្បូរបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរៀបចំនូវផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យជាច្រើនសម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស និយាយជារួម និងសម្រាប់ខេត្តកំពង់ចាមនិយាយដោយឡែក តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើដល់តម្រូវការ និងអាទិភាពផ្នែកសេដ្ឋកិច្ច ធនធានមនុស្ស និងកសិកម្ម។
ឯកឧត្ដមបណ្ឌិតបន្ថែមថា ជាក់ស្តែងខេត្តកំពង់ចាមបាន និងកំពុងទទួលបាននូវសមិទ្ធផលផ្លូវបេតុងថ្មី ៩ កន្លែង ហើយក៏កំពុងត្រៀមទទួលបានផងដែរផ្លូវបេតុងថ្មីបន្ថែមទៀតស្របតាមដងទន្លេមេគង្គ ដើម្បីតភ្ជាប់ទន្លេមេគង្គត្រើយខាងកើតសម្រាប់បម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕

