បុរសម្នាក់បើករថយន្ត វ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុកក្មេងប្រុសកំពុងជិះកង់ បណ្ដាលឲ្យស្លាប់ ក្រោយបញ្ជូនទៅមន្ទីពេទ្យ

ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានបោកក្បាលស្លាប់បាត់បង់អាយុជីវិត យ៉ាងអនោចអធម៍ ក្រោយពីបញ្ជូនទៅមន្ទីពេទ្យ បន្ទាប់ពីជិះកង់ឆ្លងផ្លូវជិតនិងផុតហើយ ត្រូវបុរសម្នាក់បេីករថយន្តក្នុងស្ថានភាពស្រវឹង វ៉ាជែងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកពេញទំហឹង បង្ករឲ្យការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី ១៦ខែ ឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពក្មេងរងគ្រោះមានឈ្មោះ៖ ភាព ទិទិ ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយឪពុកម្ដាយម្តុំ សំបុកចាប ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
បើតាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ ក្មេងប្រុស ម្នាក់ជិះកង់ឆ្លងផ្លូវជិតនិងផុតទៅហើយ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-7943 បើកបរក្នុងស្ថានភាពស្រវឹង ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន បានវ៉ាជែងមិនបានប្រយ័ត្ន ក៏ជ្រុលទៅបុកចំពាក់កណ្ដាលកង់ពេញទំហឹង បណ្ដាលឲ្យក្មេងនោះ បោកក្បាលផ្ទប់និងថ្នល់ស្លាប់ក្រោយពីបញ្ជូនទៅមន្ទីពេទ្យ ។
ភ្លាមៗនោះម្ចាស់រថយន្តបង្ករមិនព្រមឈប់ទេ បានព្យាយាមបើករត់បានប្រហែលជា ៥០ម៉ែត្រតែត្រូវប្រជាពលរដ្ឋដេញឃាត់បានមកវិញ ប្រគល់ជូនសម្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនទុកដើម្បីប្រគល់ទៅសមត្ថកិច្ចជំនាញដោះស្រាយតាមនិតិវិធីច្បាប់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ក៏បានធ្វើការ វាស់វែង យកកង់ និងរថយន្តបង្ករទៅរក្សាទុកនៅការិយាល័យ ចាចរណ៍រាជធានីភ្នំពេញ បណ្ដោះអាសន្ន ដោយឡែកសពក្មេងប្រុស ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់សពទៅឲ្យម្ដាយយកទៅធ្វើតាមប្រពៃណី ៕.
