សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានត្រៀមរួចរាល់ក្នុងការដឹកជញ្ជូនប្រតិភូកីឡា កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតាមប្រភេទកីឡានីមួយៗ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមរួចរាល់ក្នុងការដឹកជញ្ជូនប្រតិភូកីឡា កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតាមប្រភេទកីឡានីមួយៗ ដូច្នេះសូមសាព័ត៌មានអន្តរជាតិនានាស្វែងយល់ចំណុចនេះឱ្យបានច្បាស់ ពីព្រោះថ្មីៗនេះមានសារព័ត៌មានអន្តរជាតិមួយបានផ្សាយពីការព្រួយបារម្ភក្នុងការដឹកជញ្ជូនកីឡាករចូលរួមប្រកួតខ្លាចមិនទាន់ពេលវេលាជាដើមនោះ។
មានប្រសាសន៍បែបនេះក្នុងឱកាសដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា នារសៀលថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ បានមានបន្តប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងមិនយកលុយពីប្រតិភូកីឡាករកីឡាការិនីបរទេស ដែលមកចូលរួមប្រកួតនៅកម្ពុជាឡើយ។នេះគឺជាការបើកឱកាសឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត និងជាការវិនិយោគលើរយៈពេលវែងសម្រាប់កម្ពុជានាពេលខាងមុខ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កាលពីមុនគេស្គាល់កម្ពុជា តាមរយៈផលិតផលអង្ករ និងផលិតផលក្នុងស្រុកមួយចំនួនទៀត ប៉ុន្ដែពេលនេះគេស្គាល់កម្ពុជាតាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ ដូច្នេះសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចធានាអះអាងទៅលើសុវត្ថិភាពទាំងឡាយ ដល់កីឡាករកីឡាការិនីទាំងអស់ ៕
