សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់គណៈប្រតិភូកីឡាកម្ពុជា ហើយតែងតែជួបសំណេះសំណាល និងផ្តល់អនុសាសន៍ផ្សេងៗមុននឹងពួកគេចេញប្រកួតស៊ីហ្គេម។ ដូចនឹងបណ្តាការប្រកួតនាពេលកន្លងទៅដែរ នៅឆ្នាំ២០២៣នេះ ទោះបីការប្រកួតត្រូវបានរៀបចំឡើងនៅកម្ពុជាយ៉ាងណាក្តី ក៏សម្តេចតេជោ ឆ្លៀតជួបសំណេះសំណាលដោយផ្ទាល់ ដើម្បីបានផ្តល់ដំបូន្មាន និងអនុសាសន៍ ក៏ដូចជាផ្តល់ការលើកកម្លាំងចិត្តដល់កីឡាករ កីឡាការិនី អត្តពលិក ក៏ដូចជាគណៈប្រតិភូកីឡាទាំងមូល។
