នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត៖ ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួប និងធ្វើការងារជាមួយអង្គភាពទ័ព ឈរជើងតាមព្រំដែន ដើម្បីពង្រឹងសមត្ថភាពកងទ័ព ក្នុងការត្រៀមលក្ខណៈការពារបូរណភាពទឹកដី

ភ្នំពេញ៖ ឯកឧត្ដមនាយកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ពេលនេះឯកឧត្ដមកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួប និងធ្វើការងារជាមួយបណ្តាអង្គភាពកងទ័ព ដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីពង្រឹងសមត្ថភាពកងទ័ព ក្នុងការត្រៀមលក្ខណៈការពារ បូរណភាពទឹកដីរបស់យើង ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២១ មេសា នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានសរសេរសារក្នុងន័យដើមទាំងស្រុងដូចខាងក្រោម៖
ថ្ងៃនេះមានកូនទាហានពិសេសម្នាក់រង់ចាំអបអរសាទរខ្ញុំនៅផ្ទះ (ជាតំណាងអោយម៉ាក់និងបងស្រីទាំងពីររបស់គាត់ផងដែរ)🥰🥰
ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណដោយស្មោះចំពោះលោកតាលោកយាយ លោកអ៊ុំពូមីងបងប្អូន និងក្មួយៗទាំងអស់ដែលបានផ្ញើរសារអបអរសាទរចំពោះរូបខ្ញុំ ក្នុងឱកាសនៃការបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ នាថ្ងៃនេះ🙏🙏
ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារឬតម្លើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ ឬឆ្លើយតបជាមួយអស់លោកទេ😅 ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍។
ជាក់ស្តែង ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួបនិងធ្វើការងារជាមួយបណ្តាអង្គភាពកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីពង្រឹងសមត្ថភាពកងទ័ពក្នុងការត្រៀមលក្ខណៈការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះវាមានអត្ថប្រយោជន៍ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតបនឹងការឆ្ងល់ ឬទើសរបស់អស់លោក😃😃 ខ្ញុំនិយាយតាមត្រង់ទេណា សូមកុំខឹង ៕
