ឯកឧត្តម គង់ សោភ័ណ្ឌ៖ កត្តាដែលនាំឱ្យមានភ្ញៀវទេសចរមកកំសាន្តច្រើនកុះៗនៅក្នុងខេត្តកណ្ដាល ដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរក្រុង-ស្រុកទាំងអស់

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា កត្តាដែលនាំឱ្យមានភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តសប្បាយច្រើនកុះៗនៅក្នុងខេត្តកណ្ដាល ដោយសារការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរក្រុង-ស្រុកទាំងអស់។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានឱ្យដឹងថាក្នុងរយៈពេល ៣ថ្ងៃ នៃសង្ក្រាន្តសន្តិភាពខេត្តកណ្ដាល ទទួលបានភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តសប្បាយក្នុងខេត្តកណ្ដាលប្រមាណជាង ៨០ម៉ឺននាក់។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា កត្តាដែលនាំឱ្យមានភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តសប្បាយច្រើនកុះៗនៅក្នុងខេត្តកណ្ដាល មកពីការយកចិត្តទុកដាក់របស់អាជ្ញាធរក្រុង-ស្រុកទាំងអស់ បានរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយនានានៅតាមមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកចិត្តទុកដាក់រក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជូនដល់ប្រជាពលរដ្ឋដែលកំសាន្តសប្បាយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តកណ្ដាលបានយ៉ាងល្អប្រសើរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះរាល់ការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយយកបណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋប្រគល់ជូនដល់ខ្នងផ្ទះរបស់គាត់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕

