នាយករដ្ឋមន្ត្រី បញ្ជាក់ពីវិធានការលើកទឹកចិត្តផ្នែកពន្ធដារ និងគយ សម្រាប់ជួយដល់ការរីកចម្រើនសហគ្រាសធុនតូច និងមធ្យមកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ពីការចូលរួមរបស់រាជរដ្ឋាភិបាល តាមរយៈវិធានការលើកចិត្តផ្នែកពន្ធដារ និងគយ ដើម្បីជួយដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សម្តេចបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។
សម្តេចតេជោបានថ្លែងថា “ចំពោះវិធានការផ្នែកពន្ធដារ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ និងបទប្បញ្ញតិ សម្រាប់លើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត និងដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។ ចំពោះវិធានការផ្នែកគយ រាជរដ្ឋាភិបាលបានរៀបចំ គោលនយោបាយពន្ធអាករ និងយន្តការលើកទឹកចិត្តផ្នែកគយ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនភាពប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា”។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា រាជរដ្ឋាភិបាល បាន និងកំពុងខិតខំលើកកម្ពស់ ប្រសិទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្នាលជាតិ ចុះបញ្ជីអាជីវកម្មតាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធដារតាមអនឡាញជាដើម ។
លើសពីនេះ រាជរដ្ឋាភិបាលបាន និងកំពុងខិតខំលើកស្ទួយសហគ្រាសធុនតូច និងមធ្យម តាមរយៈការកែលម្អអភិបាលកិច្ច គុណភាព និងសមត្ថភាពស្ថាប័នសាធារណៈ ដើម្បីកាត់បន្ថយ ចំណាយប្រតិបត្តិការក្នុងអាជីវកម្ម ការដាក់ឱ្យដំណើរការវេទិការដ្ឋ និងវិស័យឯកជន ដើម្បីពន្លឿនការដោះស្រាយបញ្ហាប្រឈមរបស់ធុរជន ការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ដើម្បីបង្កើនសមត្ថភាពរបស់សហគ្រិនធុរជន និងនវធុរជនជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មានចំនួនសរុបជាង ៧០ម៉ឺនមូលដ្ឋាន ក្នុងនោះវិស័យកម្មន្តសាលមានប្រមាណ ៧ភាគរយ ស្មើនឹងជាង៤ម៉ឺនមូលដ្ឋាន ហើយភាគច្រើន គឺប្រភេទកែច្នៃចំណីអាហារប្រមាណជា ៨០ភាគរយ។ ក្នុងនោះរោងចក្រធុនធំ មានជិត ២ពាន់មូលដ្ឋាន៕
