អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅឆ្នាំសិក្សាបន្ត

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២២-២០២៣ ក្រោមប្រធានបទ៖ «បរិវត្តកម្ម នៃវិស័យអប់រំ» ដែលបានរៀបចំឡើងនៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា។
ពិធីនេះក៏មានការចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី តំណាងអង្គទូត ដៃគូអភិវឌ្ឍ ទីភ្នាក់ងារជាតិ អន្តរជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ លោក លោកស្រី ប្រតិភូអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ជាច្រើនរូបផងដែរ។
លើកឡើងនាឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្នុងគោលបំណងឆ្លើយតបទៅនិងការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមកសន្និបាតអប់រំនៅឆ្នាំនេះ បានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន១១ រួមមាន៖ ទី១៖ ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣, ទី២៖ ការគាំពារ និងការ អភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព, ទី៣៖ វិធានការស្តារការខាតបង់ការសិក្សាក្រោយការរីករាល ដាលជំងឺកូវីដ១៩, ទី៤៖ ការអប់រំបរិស្ថានបៃតង, ទី៥៖ កំណែទម្រង់សាលារៀន, ទី៦៖ កំណែទម្រង់សាលាគរុកោសល្យ, ទី៧៖ ការគ្រប់គ្រងការផ្លាស់ប្តូរនៅក្នុងស្ថាប័ន, ទី៨៖ ការផ្សារភ្ជាប់ មធ្យមសិក្សានឹងឧត្តមសិក្សា, ទី៩៖ អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត, ទី១០៖ បំណិនសតវត្សរ៍ទី២១សម្រាប់យុវជន, និងទី១១៖ ការលើកកម្ពស់សុខភាពសិក្សា។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានឱ្យដឹងទៀតថា គោលបំណងសំខាន់នៃសន្និបាតអប់រំក្នុងឆ្នាំនេះ ក៏ដើម្បីបូកសរុបលទ្ធផលកំណែទម្រង់វិស័យអប់រំ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ជាពិសេសការអនុវត្ត កំណែទម្រង់សាលារៀន និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងដាក់ចេញនូវរបៀបវារៈបន្តកំណែទម្រង់វិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងដំណាក់កាលថ្មីខាងមុខ ព្រមទាំងត្រៀមអនុវត្តប្រព័ន្ធថវិកាផ្ដោត លើសមិទ្ធកម្ម ជាពិសេសដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធអប់រំទាំងមូល។
ឯកឧត្ដមបានបន្ថែមថា ចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ គឺបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពខ្ពស់គួរជាទីមោទន វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំទាំង២ដំណាក់កាលក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈវឌ្ឍនភាពនៃការអនុវត្តវិធានការកំណែទម្រង់បួនដំណាក់កាល គឺ៖ ដំណាក់កាលទី១ កំណែទម្រង់ថ្នាក់ជាតិមាន ៨ចំណុច នៅឆ្នាំ២០១៤, ដំណាក់កាលទី២ កំណែទម្រង់កម្រិតសាលារៀនមាន ១៥ចំណុច ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០១៨, ដំណាក់កាលទី៣ កំណែទម្រង់ការកសាងប្រព័ន្ធនិងអភិវឌ្ឍធនធានមនុស្សឈរលើ សសរស្តម្ភ ៥ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២, និងដំណាក់កាលទី៤ កំណែទម្រង់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចឌីជីថល ចាប់ពីឆ្នាំ២០២២ ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
ថ្លែងនាឱកាសនោះដែរឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអបអរសាទរដល់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានធ្វើជាតំណាងរបស់កម្ពុជា ក្នុងការទទួលពានរង្វាន់អក្ខរកម្មពិភពលោក ឆ្នាំ២០២៣ កាលពីដើមខែមេសា កន្លងទៅ ហើយពានរង្វាន់អក្ខរកម្មពិភពលោកនេះត្រូវបានផ្តល់ជូនប្រទេសដែលមានភាពលេចធ្លោក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់ការអប់រំ និងអក្ខរកម្ម។ ការទទួលបាននូវពានរង្វាន់នេះក៏ជាសក្ខីភាពនៃការទទួលស្គាល់ជាអន្តរជាតិ នៅវឌ្ឍនភាពវិជ្ជមានគួរជាទីមោនៈ និងការអនុវត្តនៃកម្មវិធីកែទម្រង់វិស័យអប់រំ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងការលើកកម្ពស់គុណភាពអប់រំ រួមទាំងការបណ្តុះបណ្តាល ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងសិស្សានុសិស្ស។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា មន្ទីអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គ្រឹះស្ថានសិក្សា និងអង្គភាពទាំងអស់ ស្ថិតក្រោមឱវាទក្រសួងដែលបានខិតខំប្រឹងប្រែង បំពេញការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យសិស្សនិស្សិត ទទួលបានលទ្ធផលល្អ ប្រកបដោយចំណេះ នឹងជំនាញពិតប្រាកដ និងច្បាស់លាស់។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបង្ហាញពីមោទនភាពខ្ពស់ក្នុងការបោះជំហ៊ានឆ្ពោះទៅមុខចក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលបាននិងកំពង់ឆ្លើយតបយ៉ាងត្រចះត្រចង់ ទៅនិងតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានាបច្ចុប្បន្ន និងទៅអនាគតផងដែរ៕

