ឯកឧត្ដម នេត្រ ភក្ត្រា៖ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្ត និងការចូលរួមរបស់យើងទាំងអស់គ្នា

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្តនិងការចូលរួមរបស់យើងទាំងអស់គ្នា ។
តាមរយៈសុន្ទរកថា ឯកឧត្ដមរដ្ឋលេខាធិការ នេត្រ ភក្ត្រា ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តនៅខេត្តពោធិ៍សាត់ហើយនឹងគ្រោងធ្វើនៅតាម
បណ្តាលខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ។

ឯកឧត្ដមរដ្ឋលេខាធិការបន្តថា យុទ្ធនាការនេះបានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង។
ឯកឧត្ដមបន្ថែមថា ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។
ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។
ឯកឧត្ដមរដ្ឋលេខាធិការ បញ្ជាក់ថា «នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា។ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្តនិងការចូលរួមរបស់យើងទាំងអស់គ្នា។ យើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលវែងពីជំនាន់បច្ចុប្បន្ន តទៅនាពេលអនាគត» ៕

