សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមនោះទេ

ភ្នំពេញ៖ តាមរយៈសារពិសេសរបស់សម្តេចតេជោ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជូនជនរួមជាតិ និងបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានទទួលព័ត៌មានពី សម្តេចពិជ័យសេនា ទៀ បាញ់ ថាមានការលក់សំបុត្រសម្រាប់ទស្សនាព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នាពេលខាងមុខ។
សម្តេចតេជោ បានអះអាងថា កម្ពុជាបានចំណាយប្រាក់ រាប់ទាំងមូលដ្ឋានសម្ភារៈបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិន សម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត រាប់រយលានដុល្លារ និងចំណាយជាច្រើនឆ្នាំ ទម្រាំកើតចេញជារូបរាងនៃការប្រកួត។
សម្តេចមានប្រសាសន៍បញ្ជាក់ថា “ដូច្នេះ ខ្ញុំគឺមិនយល់ព្រមជាដាច់ខាត ចំពោះការឱ្យមានការលក់សំបុត្រទាំងពេលចូលបើក និងចូលបិទ ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀត ក្នុងការប្រកួតស៊ីហ្គេម ខ្ញុំមិនយល់ព្រមដាច់ខាត ជាមួយនឹងការធ្វើបែបនេះ លឺថាមានការផ្សព្វផ្សាយនៅតាមវេបសាយខាងផ្នែកកីឡា មិនមានការអនុញ្ញាតណាមួយពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយក៏កាន់តែគ្មានការអនុញ្ញាតពីខ្លួនខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”៕
