សម្តេចតេជោ៖ នាពេលខាងមុខ រាជរដ្ឋាភិបាលនឹងទម្លាក់ថវិកា១០០លានដុល្លារ ដើម្បីជំរុញវិស័យស្រូវអង្ករ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា រាជរដ្ឋាភិបាល នឹងទម្លាក់ថវិកាប្រមាណ១០០លានដុល្លារ នាពេលខាងមុខនេះ ដើម្បីជំរុញផលិតភាពស្រូវអង្ករ និងទីផ្សារ។
ក្នុងឱកាសដែលសម្តេច អញ្ជើញបិទសន្និបាត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣សម្តេចតេជោ បានបញ្ជាក់ថា “យើងនឹងទម្លាក់ទុនសម្រាប់បញ្ហាស្រូវគឺ ១០០លានដុល្លារ នៅពេលខាងមុខនេះ យើងនឹងទម្លាក់ទុន១០០លានសម្រាប់ទីផ្សារស្រូវ”។
សម្តេចតេជោ បានប្រកាសយ៉ាងច្បាស់លាស់ថា បើទោះបីពិភពលោកជួបនូវការប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនមានការខ្វះខាតស្បៀងនោះឡើយ ដោយក្នុង១ឆ្នាំៗកម្ពុជាសល់ស្រូវរហូតដល់ ៦លានតោន។
សម្តេចបន្តថា វិស័យកសិកម្មបានជួយបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច បញ្ចៀសវិបត្តិស្បៀងអាហារ និងអតិផរណាតម្លៃស្បៀង បណ្តាលមកពីវិបត្តិកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន៕
