សម្ដេចតេជោ៖ គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ គឺត្រូវការពង្រឹងអំណាចស្រ្ដី ក្នុងវិស័យសេដ្ឋកិច្ច

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នាថ្ងៃទី៧ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ គឺត្រូវការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារទាំងអស់ជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ។
ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចការដែលត្រូវបន្តធ្វើនោះ គឺត្រូវពង្រឹង និងបង្កើតឱ្យមានអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីឱ្យបានកាន់តែច្រើន សម្រាប់ឲ្យពួកគាត់បានបន្តការសិក្សារៀនសូត្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់សប្បុរសជនអោយជួយគាំពារ ដើម្បីអាចបង្កើតអន្តេវាសិកដ្ឋានតាមកម្រិតមធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា ដើម្បីរក្សាគម្លាតនៃការសិក្សារវាងសិស្សស្រី និងសិស្សប្រុស ជាពិសេសតំបន់ជនបទដាច់ស្រយាល។
សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានសម្តែងការព្រួយបារម្ភចំពោះទម្ងន់ នៃអំពើហិង្សានានា ដែលមានស្ថានភាពធ្ងន់ធ្ងរ រហូតដល់បុរសជាប្តីបាញ់សម្លាប់ប្រពន្ធខ្លួនឯង កាលពីពេលថ្មីៗនេះ និងទម្រង់ហិង្សាផ្សេងៗទៀត ដូច្នេះសម្តេចតេជោសូមអំពាវនាវឲ្យមានការបញ្ឈប់នៅអំពើហិង្សាទាំងអស់នេះ និងចូលរួមលុបបំបាត់អំពើហិង្សាគ្រប់រូបភាពទាំងអស់ទៅលើស្ត្រី ៕
