បណ្ឌិត គឹម សន្តិភាព៖ ការចូលរួមកសាងមូលដ្ឋានអប់រំ គឺជាការរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះ នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិជានិរន្តរ៍

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន បានមានប្រសាសន៍ថា ការចូលរួមកសាងមូលដ្ឋានអប់រំ គឺជាការរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះ នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិជានិរន្តរ៍។
នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅក្នុងបរិវេណសាលាបឋមសិក្សាកណ្ដោលជ្រុំ ស្ថិតក្នុងឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបងប្អូនសប្បុរសជននៅក្រៅប្រទេស។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធាន អនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំកណ្តោលជ្រុំ លោកនាយក លោកនាយករង លោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាកណ្ដោលជ្រុំ និងក្រុមការងារថ្នាក់ស្រុក-ឃុំ ដើម្បីរៀបចំកិច្ចសាសនារម្លឹកដល់គុណព្រះរតនត្រ័យ និងសុំសេចក្តីសុខសេចក្តីចម្រើន មុនពេលចាប់ផ្តើមការសាងសង់។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ថ្ងៃ ៧មករា ១៩៧៩ ជាថ្ងៃរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ខ្មៅងងឹត និងសាហាវឃោរឃៅបំផុត ក្រោមការចូលរួមដឹកនាំដ៏អង់អាចក្លាហានបំផុតរបស់សម្តេចតេជោ ដែល សម្តេច បានយកអាយុជីវិតជាដើមទុន ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីជ្រោះមរណៈ ។
ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ សេដ្ឋកិច្ចកម្ពុជា ផ្តើមពីចំណុចសូន្យ ដោយសារពួកបនក្បត់ ប៉ុល ពត បានបំផ្លិចផ្លាញអស់គ្មានសល់ ខ្វះសាលារៀន មន្ទីរពេទ្យ សព្វបែបយ៉ាង សូម្បីតែអ្នកចេះដឹង ក៏ត្រូវពួកប៉ុលពតសម្លាប់ស្ទើរគ្មានសល់ ហេតុនេះរដ្ឋបានដាក់ចេញនូវគោលនយោបាយ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ ។
ជាភព្វសំណាង កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាង របស់ សម្តេចតេជោ ទើបកម្ពុជារក្សាបាននូវស្តិរភាព បូរណភាព សន្តិភាពទូទាំងប្រទេស និងការអភិវឌ្ឍឥតឈប់ឈរគួរជាទីមោទនៈបំផុត ។ ជាក់ស្តែងកម្ពុជា នាពេលបច្ចុប្បន្ន មានហេដ្ឋារចនាសម្ព័ន្ធជាតិគ្រប់បែបយ៉ាង រួមមាន ទឹក ផ្លើង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស នៅគ្រប់ទីកន្លែងទូទាំងប្រទេស ។
ទន្ទឹមនេះ គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអប់រំជាមូលដ្ឋានគ្រឹះ នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិជានិរន្តរ៍ ដោយរដ្ឋបានយកចិត្តទុកដាក់ក្នុងការទំនុកបម្រុងលើវិស័យអប់រំ និងខិតខំបង្ខិតសាលារៀនឱ្យនៅជិតផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យកុមារកម្ពុជាគ្រប់ៗរូបទទួលការអប់រំខ្ពង់ខ្ពស់ ក្លាយខ្លួនជាសសរទ្រូងនៃប្រទេសជាតិនាពេលអនាគត៕
